ការចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាម កំពុងមមាញឹក តាមច្រកមួយចំនួននៅស្រុកស្នួលខេត្តក្រចេះក្រោមខ្សែភ្នែក អាវុធហត្ថលើផ្ទៃប្រទេស គយចល័ត និងសមត្ថកិច្ចពាក់ព័ន្ធ
ដោយ Heng  ថ្ងៃទី 16 June, 2019  ម៉ោង 17:05 | រាយការណ៍​ពិសេស

(ខេត្តក្រចេះ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ គេសង្កេត ឃើញសកម្មភាពនៃការចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាម តាមរថយន្តធំ តូចកំពុង តែមមាញឹកឡើងវិញ។ ជាក់ស្ដែងចាប់តាំងពីយប់ថ្ងៃទី១៣ រហូតដល់ទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ សកម្មភាពនៃការចរាចរនាំឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងមួយ ចំនួននៅក្នុងស្រុកស្នួលខេត្តក្រចេះ គឺបានបើកឱ្យដំណើរការយ៉ាងរលូនក្រោមខ្សែភ្នែករបស់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសក៏ដូចជាមន្ត្រីគយចល័ត រួមនឹងសមត្ថកិច្ចពាក់ព័ន្ធនៅតាមមាត់ច្រកជាច្រើន។

សមត្ថកិច្ចនៅក្នុងខេត្តក្រចេះបានបង្ហើបឱ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែមិថុនា រថយន្តវេអងមួយគ្រឿង ដែលគេដឹងថា បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចអូរកណ្ដៀរ ឃុំអូរព្រះ ស្រុកសំបូរ ខេត្តក្រចេះ មកកាន់ស្រុកស្នួល និងបន្តចូលទៅកាន់ប្រទេសវៀតណាមតាមច្រករបៀងដេ៣។

ប្រភពដដែលបានបន្តថា បើទោះបីជាមានការរឹតបន្តឹងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រចាំការនៅតំបន់នោះ និងមានការឆែកឆេរពីសំណាក់មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ជាច្រើនកន្លែងតាមដងផ្លូវជាតិលេខ៧អា យ៉ាងណាក៏ដោយ គេសង្កេតឃើញក្បួនរថយន្តដឹកជញ្ជូនឈើទាំងនេះ នៅតែអាចបន្តដំណើរការឆ្លងដែនទៅបានយ៉ាងរលូន ក្រោមក្រសែភ្នែករបស់មន្ត្រីគយអាវុធហត្ថផ្ទៃប្រទេស រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នេះ។

ប្រភពបានបន្តឱ្យដឹងទៀតថា ក្រៅពីរថយន្តធុនធំ ក៏មានរថយន្តសាំយ៉ុងដឹកឈើប្រណីតចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ទីរួមខេត្តក្រចេះទៅច្រកវ៉ាលឺ និងបន្តទៅច្រករបៀងមួយចំនួននៅតំបន់នោះឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូនថែមទៀតផង។ ជាក់ស្ដែងនាយប់ថ្ងៃទី១៦ ខែមិថុនានេះ រថយន្តសាំយ៉ុងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូននាំឆ្ពោះទៅតាមច្រកខាងលើ ដោយមិនមាន សមត្ថកិច្ចជំនាញផ្នែកណាមួយបង្រ្កាបឡើយ។

ក្រៅពីនេះក៏មានរថយន្តប្រភេទធំៗដឹកឈើពីខេត្តមណ្ឌលគិរី បត់ចូលមកតាមច្រកនេះ ជាច្រើនគ្រឿងដែលគេអះអាងថា ជាឈើស្របច្បាប់ដឹកយកទៅដាក់នៅដេប៉ូឈើមួយកន្លែង ស្ថិតនៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ហើយរាល់កាដឹកជញ្ចូនតាមរថយន្តនីមួយៗពេញប្រៀប ដែលផ្ទុយពីច្បាប់អនុញ្ញាតផ្ទុកឈើត្រឹមតែ១៥ម៉ែត្រគុបតែ ប៉ុណ្ណោះ។ ប្រភពបានបញ្ជាក់ទៀតថា ឈើដែលមានច្បាប់នោះយកទៅស្តុកនៅតំបន់នោះ គឺងាយស្រួលក្នុងការបន្លំភ្នែកសមត្ថកិច្ចក្នុងការដឹកឆ្លងដែនទៅវៀតណាម៕

loading...