(ខេត្តបាត់ដំបង) ៖ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល បណ្តាលឱ្យបុរសវ័យចំណាស់របួសបាក់ជើងម្ខាង និងភាគីម្ខាងទៀតយុវជនវ័យក្មេងរងរបួស ស្រាល។ ហេតុកការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧B ត្រង់ចំណុចភូមិត្រពសំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
លោក ឡុង រ៉ាន់ដា អធិការរងទទួលផ្នែកចរាខេណ៍ស្រុកសំពៅលូនបានឱ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះមឿន យឿន ភេទប្រុស អាយុ៥០ឆ្នាំ (កសិករ) នៅភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន (រងរបួសធ្ងន់បាក់ជើងឆ្វេង) បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មី ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង1AS-9923។ ចំណែកភាគីបង្កជិះម៉ូតូម៉ាកហុងដាឌ្រិមស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ដូចគ្នាពាក់ស្លាកលេខបន្ទាយមានជ័យ1A-4492 បើកបរដោយយុវជនឈ្មោះ ណម នឿន អាយុ១៧ឆ្នាំ មុខរបរកម្មករនៅភូមិត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន (របួសស្រាល)។
សមត្ថកិច្ចចុះវាស់វែងបានឱ្យដឹងថា មុនមុនពេលកើតហេតុបុរសម្នាក់ជិះម៉ូតូ១គ្រឿងម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ57B ធ្វើដំណើរពីទិសខាងជើងទៅត្បូង។ ស្របពេលនោះមានយុវជនម្នាក់ជិះម៉ូតូស្របទិសគ្នាមកពីក្រោយហើយបើកវ៉ាទាក់ដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលច្រងាប់ច្រងិល ហើយបាក់ជើងខាងឆ្វេង។ សមត្ថកិច្ចបានដឹកទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុកសំពៅលូន។ ចំណែកក្មេងប្រុសនោះគ្រានតែរលាត់ដៃជើង។
លោកអធិការរងស្រុកបានបញ្ជាក់ថា ក្រោយវាស់វែងរួចសមត្ថកិច្ចជំនាញបានយកម៉ូតទាំងពីរគ្រឿងទៅរក្សាទុកនៅអធោការដ្ឋាន រង់ចាំដោះស្រាយនៅពេលក្រោយ៕