(ភ្នំពេញ)៖ មន្ត្រីបម្រើការងារនៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថានឈ្មោះ អោម សេងហួរ អាយុប្រមាណជាង ៣០ ឆ្នាំបានធ្វើអត្តឃាតដោយលោតពីលើអគារទីស្តីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រារដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។
មន្ត្រីនាំពាក្យក្រសួងបរិស្ថានបញ្ជាក់តាមសារអេឡិចត្រូនិកនៅរសៀលថ្ងៃដដែលនេះថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថានបានធ្វើកោសល្យវិច័យលើ សាកសពនិងបញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយខ្លួនឯងលោតពីលើអគារក្រសួងបរិស្ថានមែន។
ប្រភពដដែលបានបង្ហើបពីមូលហេតុនៃអត្តឃាតនេះថាបើតាមប្រភពស្និទ្ធិ លោក អោម សេងហួរ មានជំងឺប្រចាំកាយ។លោក នេត្រ ភក្ត្រា បញ្ជាក់ថាលោក អោម សេងហួរ ជាមន្ត្រី មានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។ ចំពោះដំណឹងដ៏តក់ស្លុតនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បរិស្ថានទាំងអស់សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោក អោម សេងហួរ បានទៅកាន់សុគតិភព៕