(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា ឆ្មក់ចូលបង្ក្រាប ក្លិបកម្សាន្តលុច្សសារី Luxarious ដោយឃាត់ខ្លួនមនុស្សបានចំនួនជាង៤០០ នាក់កាលពីយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ហើយបានបញ្ជូនខ្លួនទៅសួរនាំនៅស្នងការនគរបាលរាជធានីភ្នំពេញ ចំណែក ក្លិបកម្សាន្តលុច្សសារី Luxarious ត្រូវបិទជាបណ្តោះអាសន្ន។
លោកស្នងការបន្តថា អ្នកដែលប៉ូលិសចាប់ឃាត់ នានាំទៅស្នងការប្រមាណជាង ៤០០ នាក់ ត្រូវបានធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ហើយ រហូតដល់រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ប៉ូលិសធ្វើតេស្តបាន ៨០នាក់ហើយ។ ប្រហែលជាចំណាយ ២ថ្ងៃ ក្នុងការត្រួតពិនិត្យជនសង្ស័យទាំងនោះ។
អំពីវត្ថុតាងវិញ ត្រូវបានលោកស្នងការ ស ថេត បញ្ជាក់ថា ក្នុងពេលឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត Luxarious នោះ ប៉ូលិសក៏បានរឹបអូសថ្នាំញៀនបានផងដែរ។ តែលោកមិនប្រាប់ថា មានចំនួនប៉ុន្មានទេ គ្រាន់តែបញ្ជាក់ថា គ្រឿងញៀននៅ Luxarious នោះ មានចំនួនតិចជាងកាលចាប់បង្ក្រាបនៅរ៉ុក។
សូមរម្លឹកថា នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរ មានសមត្ថកិច្ច ពិសេសលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ រកឲ្យឃើញមេ ឬថៅកែ ក្លឹប លុច្សសារី មកផ្តន្ទាទោសតាមច្បាប់។
កាលពីរំលងអាធ្រាត្រ ម៉ោង ០២:០០នាទី ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងអភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាប ក្លិបកម្សាន្ត លុច្សសារីស (Luxurious ) ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការកណ្តាលអាធ្រាត្រនោះ ប៉ូលិសបានរកឃើញសារធាតុញៀនមួយចំនួន ហើយបានឃាត់ខ្លួនមនុស្ស ៤១៧នាក់ (ស្រី១៨១នាក់) បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាម និតិវិធីច្បាប់។
ថ្មីៗនេះ នៅក្លឹបកម្សាន្ត Luxarious ក៏កើតមានការផ្ទុះអាវុធ និងបាញ់បោះសេរី ដែលកាលនោះ បានបណ្តាលឱ្យនារីម្នាក់ រងរបួសបាក់ភ្លៅ។
នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ថា មកដល់រសៀលថ្ងៃទី០៨មិថុនានេះ ប៉ូលិសបានកំណត់អត្តសញ្ញា ណថៅកែក្លិបកម្សាន្ត Luxariousថៅកែនោះ គឺជាជនបរ ទេស តែប៉ូលិស មិនទាន់ចាប់បានទេ៕