(ខេត្តកំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ សម សាមួនស្នងការនគរបាលខេត្តបានថ្លែងប្រាប់បណ្តាញព័ត៌មាននាព្រលប់នេះថា គ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣គ្រឿងបុកគ្នា រហូតផ្ទុះឆេះនោះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១នាក់ (ស្រីម្នាក់) និងរបួស ៤នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងហើយជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងបើកមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលក្រឡាប់ផ្ទុះឆេះ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថ ជនរងគ្រោះ៦ នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និង៤នាក់ទៀត នៅក្នុងរថយន្តទេសចរណ៍២៤ កៅអី ខណៈ៤នាក់ទៀតរងរបួស។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើត ឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយទាញសពជនរងគ្រោះចេញពីរថយន្ត និងនាំអ្នករបួសទៅកាន់មន្ទីរពេទ្យ៕