មាន​ព័ត៌មាន​ផ្សាយ​ថា​ មាន​ការឃុបឃិត​កាប់​ឈើ​ព្រៃ​ឡង់ ​រួច​ដឹក​ចូល​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេក ​បន្លំ​ធ្វើ​ឈើ​ស្របច្បាប់​
ដោយ Heng  ថ្ងៃទី 5 June, 2019  ម៉ោង 14:58 | រាយការណ៍​ពិសេស

(ភ្នំពេញ​)៖ សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស បាន​ផ្សាយ​ថា​មាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ជំនាញ​ប្រព្រឹត្ត​បទល្មើស​លួច​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់​ដឹក​ចូល​ក្រុមហ៊ុន​បន្លំ​ជា​ឈើ​ស្របច្បាប់​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​នេះ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា​ឆ្នាំ ២០១៩ នេះ​ គឺ​បាន​ចេញ​សេចក្តី ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​ខាងលើ​។ ក្រសួង​កសិកម្ម​បាន​លើកឡើង​ថា ​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាក់ស្ដែង​រួច​មក​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ក្រចេះ សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង​នូវ​ខ្លឹមសារ​ផ្សព្វ ផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ដែល​មាន​ការ​ប្រាសចាក​ការ​ពិត​ទាំងស្រុង​ពី​សកម្មភាព​អនុវត្ត​ជាក់ស្ដែង​របស់​សមត្ថកិច្ច​ជំនាញ និង​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេក​។​

​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តក្រចេះ​យល់ឃើញថា​ ខ្លឹមសារ​ដែល​បាន​ផ្សាយ​មក​នេះ​គឺ​មាន​ចរិត​ចេតនា​នោះ​ខ្ញុំ​សាធារណៈមតិ​ឲ្យមាន​ការយល់ច្រឡំ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជានិច្ចកាល​គ្រប់​កាលៈទេសៈ​មន្ត្រី​ជំនាញ​របស់​រដ្ឋ​តែងតែ​ខិតខំ​បំពេញ​ភារកិច្ច​ស្នូល​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​។​

​ជាថ្មី​ម្ដងទៀត​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ក្រចេះ​សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្រៅ​ប្រទេស​គឺ​ជា​ព័ត៌មាន​មិន​ពិត​និង​បំភ្លើស​ព័ត៌មាន​ទាំងស្រុ​ង​។

*សូមរំឭកថា នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វិទ្យុអាស៊ីសេរី បានផ្សាយករណីខាងលើនេះយ៉ាងដូច្នេះ ៖

“អាជ្ញាធរ​រង​ការ​ចោទ​ថា មាន​ចេតនា​បណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នៅ​ជាប់​តំបន់​ព្រៃ​ឡង់”

ពលរដ្ឋ​រស់នៅ​ឃុំ​បឹងចារ និង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា អាជ្ញាធរ​មាន​ចេតនា បណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ឈើ​ខ្នាត​ធំ នៅ​ជាប់​តំបន់​ព្រៃឡង់ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​លេស​ថា ប្រមូល​ឈើ​ចេញពី​ក្នុង​បរិវេណ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ស៊ី​បាយអូថេក (Ci-Biotech Co., Ltd)​។ អ្នកភូមិ​ថា ឈើ​មូល​ធំៗ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ នៅតែ​ទទួលរង​ការ​កាប់​ដួល ដឹកជញ្ជូន​ចូល​ការដ្ឋាន​ក្រុមហ៊ុន យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការស៊ើបអង្កេត។

ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ចាម និង​ឃុំ​បឹង​ចារ ស្រុក​សំបូរ អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​ក្រសួង​កសិកម្ម និង​ក្រសួងបរិស្ថាន ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រមូល​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​អភិរក្ស បង្កឡើង​ដោយ​ក្រុមហ៊ុន ស៊ីបាយអូថេក។ ការ​អំពាវនាវ​នេះ ក្រោយពី​អ្នកភូមិ​ចុះ​ល្បាត​ព្រៃ កាលពី​ចុង​សប្ដាហ៍​មុន ប្រទះឃើញ​ក្បូន​រថយន្ត​ប៉ាកុង ឬ​អារ៉េវ ដឹកជញ្ជូន​ឈើ​មូល​ធំៗ ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​នៅ​ចំណុច អូរគ្រាក់ និង​ចំណុច​ឈើទាល​ធំ បំណង​ចូល​ក្នុង​ការដ្ឋាន​អារ​ឈើ​របស់​ក្រុមហ៊ុន​នេះ​ស៊ីបាយអូថេក។

ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ចាម លោក ណាំ ណាក់ សង្កេតឃើញ​ថា ដើមឈើ​មានមុខ​កាត់​ចាប់ពី ១​តឹក​ឡើង​ទៅ ត្រូវ​បាន​កម្មករ​ក្រុមហ៊ុន​កាប់​ដឹកជញ្ជូន​ចូល​រោងចក្រ រួច​អារ​ច្រៀក​ជា​បន្ទះ​ក្ដារ ដើម្បី​ដឹកជញ្ជូន​ចេញ​ក្រៅ​តាម​រថយន្ត​យី​ឌុប។ លោក​ថា នៅ​ចំណុច​ដំបូក​សរ ក្នុង​ឃុំ​បឹងចារ មាន​រោងចក្រ​អារ​ឈើ ៤​កន្លែង កំពុង​ធ្វើ​សកម្មភាព​អារ​ច្រៀក​ឈើ​។ ទន្ទឹង​នេះ ដើម​ច្បោះ​ជ័រ​អ្នកស្រុក​ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់ នៅតែ​បន្ត​បាត់បង់ ជា​បន្តបន្ទាប់ ដោយសារ​កម្មករ​ក្រុមហ៊ុន​លួច​កាប់ ដោយ​គ្មាន​ការទទួលខុសត្រូវ​៖ «ទី​មួយ​គេ​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រ​ពលរដ្ឋ​ហ្នឹង និង​ទី​២ តំបន់​ព្រៃ​ឡង់​មួយ​ជូរ​ឈើទាល​ធំ និង​បុស្ស​ខ្នោ ក្នុង​ប្លុក​ក្រុមហ៊ុន​ខ្លះ​ដែរ គេ​អារ​ធ្វើជា​ក្ដារ គេ​ដឹក​ចូល​ដេប៉ូ​រួចហើយ ហើយ​ខាង​ដេប៉ូ​គេ​ដឹក​ចូល​រោងចក្រ​។ គេ​ច្រៀក​ក្តារ​រួច ដឹក​ដាក់​កុងទឺន័រ​ដឹក​ចេញ​ក្ដៅ»។

សេចក្ដី​រាយការណ៍​ពី​សហគមន៍​ព្រៃឡង់ ឱ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ពួកគេ រាយការណ៍​ពី​ភាព​មិន​ប្រក្រតី នៃ​អាជីវកម្ម​ឈើ​នេះ ដោយមាន​ភ្ជាប់​រូបថត​ជា​ភស្តុតាង​ជា​យូរ​មក​ហើយ មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​ស្ថាប័ន​ណា ចេញមុខ​បង្ក្រាប និង​ទប់ស្កាត់​នោះ​ទេ ផ្ទុយទៅវិញ​ក្រុមហ៊ុន​នៅតែ​ប្រមូល​ឈើ​ទ្រង់ទ្រាយ​ធំ​ដដែលៗ។

ពលរដ្ឋ​រស់នៅ​ឃុំ​បឹងចារ ថ្លែង​សុំ​លាក់​ឈ្មោះ ឱ្យ​ដឹង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​ទី​នោះ​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន បម្លែង​ឈើ​ដែល​កាប់​ចេញពី​ព្រៃ​អភិរក្ស​ជា​ឈើ​ស្របច្បាប់។លោក​បញ្ជាក់​ថា នៅ​គ្រា​ដែល​កម្មករ​ក្រុមហ៊ុន​លើក​ឈើ​ដាក់​ឡាន​គ្រប់​ចំនួន មេព្រៃ​ឬ​ហៅថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ទៅ​យក​លុយ​ពី​ក្រុមហ៊ុន ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ចេញ អះអាង​ថា មាន​លិខិតអនុញ្ញាត ឬ​ហៅថា ប៉េ សេ PC៖ «តាំងពី​មន្ត្រី​បរិស្ថាន និង​មេព្រៃ​ដើរ​យក​តែ​លុយ ដឹក​តាម​ក្រឡេថង រៀបចំ​ឈើ​អីចឹង​ទៅ ហៅ​មេព្រៃ​ទៅ​វ៉ៃ​ត្រា ទៅ​ត្រួត​ពិនិត្យ ឡាន​ដឹក​ឈើ​រួច​ដឹក​ចេញ​។ មេព្រៃ​ឥឡូវ​គេ​ដើរ​ធ្វើ​អីចឹង​វិញ​។ ក្រុមហ៊ុន​រៀប​ឈើ​ដាក់​ឡាន ចាំ​ក្រុមហ៊ុន​ហៅ​ទៅ​យក​លុយ រៀប​ក្នុង​ឡាន​ត្រូវ​បច្ចេកទេស មេព្រៃ​ឱ្យ​ចេញ​បាន​បាន​ចេញ»។

ក្រុមហ៊ុន ស៊ីបាយអូថេច វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ ដែល​វិនិយោគ​លើ​ផ្ទៃដី​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ (៣៤.០០៧) កាលពី​ខែ​មិថុនា ឆ្នាំ ២០១២ ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង។

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​បានការ​បកស្រាយ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី៣១ ឧសភា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នក​ទទួល។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣១ ឧសភា​ថា ពលរដ្ឋ​ដែល​ប្រទះឃើញ​បទល្មើស​ព្រៃឈើ ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ដែនដី ឬ​អាជ្ញាធរ​ខេត្ត​សាមី​ជាមុន​សិន តែ​ប្រសិនបើ​ខេត្ត​មិន​ចាត់​វិធាន​ទេ​លោក​នឹង​អន្តរាគមន៍​រឿង​នេះ​។ ទោះជា​យ៉ាងណា កន្លងមក​ប្រជា​សហគមន៍​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​ហូរហែ​រួច​ទៅ​ហើយ ហើយ​សារព័ត៌មាន​ក៏បាន​រាយការណ៍​ជា​បន្តបន្ទាប់​អំពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ ប៉ុន្តែ​មិន​ឃើញ​មានការ​បង្ក្រាប​គួរ​យកជាការ​បាន​ឡើយ​។ ស្រប​ពេល​គ្នា​នេះ គេ​ឃើញ​តែ​រដ្ឋាភិបាល​បង្កើត​គ​គណៈកម្មការ​នេះ ឬ​អាជ្ញាធរ​នោះ ដូចជា​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​មាន​លោក សៅ សុខា ជា​ឧទាហរណ៍។ លើស​ពី​នេះ គេ​សង្កេតឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការងារ​រក្សា​ការពារ​ធន​ធម្មជាតិ​ទាំងអស់​នេះ​រុញ​ដាក់គ្នា ជាជាង​សហការ​គ្នា​ដើម្បី​បំបាត់​ភាព​អសកម្ម ឬ​ដោះស្រាយ​ចំណុច​ខ្វះខាត​របស់​ខ្លួន។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ឱ្យ​ដឹង​កាលពី​ថ្ងៃទី២៩ ឧសភា ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ជា​ភារកិច្ច​របស់​ក្រសួងកសិកម្ម​៖ «ជា​ការ​ពិត​តំបន់​ព្រៃ​ឡង់​មាន​ទំហំ​ជាង ៤៣​ម៉ឺន​ហិកតារ មាន​ទំហំ​ធំ ពេលខ្លះ​យើង​មានការ​ខ្វះ​ចន្លោះ ដូច្នេះ​ហើយ​យើង​បង្កើន​សកម្មភាព​ល្បាត និង​អំពាវនាវ​ម្តង​ហើយ​ម្ដងទៀត​ឱ្យ​បងប្អូន​ពលរដ្ឋ​មានការ​ចូលរួម ជាមួយ​កម្លាំង​ឧទ្យានុរក្ស និង​អាជ្ញាធរ​មូលដ្ឋាន បង្ក្រាប​ព្រៃឈើ​ដែល​កើតមាន​នេះ»។

ចំពោះ​ក្រុមហ៊ុន​ស៊ី​បាយអូថេក(Ci-Biotech Co., Ltd) មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការអនុញ្ញាត​ឱ្យ​បើក​ការដ្ឋាន​អារ​ឈើ​ធំៗ​នៅ​ជាប់​ព្រៃ​ឡង់ ផ្ទុយ​ពី​បទ​បញ្ជា​ថ្នាក់ដឹកនាំ​រដ្ឋ និង​ក្រសួងបរិស្ថាន ដែល​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ការពារ​ព្រៃឈើ និង​ជីវចម្រុះ​ដែល​នៅ​សេសសល់​។ លោក​ថា រដ្ឋាភិបាល​គួរតែ​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ ព្រោះ​ការ​ផ្តល់​ទីតាំង​ប្រមូល​ឈើ​ជាប់​ព្រៃ​ការពារ​ធម្មជាតិ គឺជា​មូលហេតុ​នាំ​ឱ្យ​បាត់បង់​ព្រៃឈើ និង​ជា​បទល្មើស​ឧក្រិដ្ឋ​៖ «អ្នកដឹកនាំ​រដ្ឋ ប្ដេជ្ញា​បង្ក្រាប​បទល្មើស​ព្រៃឈើ បើ​មាន​ឆន្ទៈ​អីចឹង​មែន​យើង​ទាមទារ​សូម​ឱ្យ​សាមី​ក្រសួង​ចេញ​លិខិតអនុញ្ញាត​លុបចោល ដើម្បី​រក្សា​ព្រៃឈើ ព្រោះ​កុំ​សង្ឃឹម​ការ​ដាំ​ដើមឈើ​ឡើងវិញ»។

កាលពី​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន បាន​ចុះហត្ថលេខា​អនុញ្ញាត​ប្ដូរ​ទីតាំង​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​ក្តារ​បន្ទះ​មួយ​កន្លែង ឋិត​នៅ​ឃុំ​កំពង់ចាម ទៅ​ទីតាំង​ថ្មី នៅ​ចំណុច​ភូមិ​កំពង់ដំរី នៃ​ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ​វិញ​។ សហគមន៍​ព្រៃ​ឡង់ និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក ការអនុញ្ញាត​ឱ្យ​ប្រមូល​ឈើ​ខ្នាត​ធំ របស់​ក្រសួងកសិកម្ម​នេះ គឺជា​ការ​ចូល​ដៃជើង​ជាមួយ​ឈ្មួញ​ទុច្ចរិត​បំផ្លាញ​ធនធានធម្មជាតិ និង​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ៕

loading...