ទីបំផុត! ជនដៃដល់ដែលរំលោភ និងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ ត្រូវបាននគរបាលចាប់ខ្លួនហើយ ហើយជនដៃដល់បានសារភាព
ដោយ Heng  ថ្ងៃទី 2 June, 2019  ម៉ោង 21:56 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា នៅពេលនេះកម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយដោយឃាត់ខ្លួនមនុស្សចំនួន២នាក់ ជនដៃដល់ និងប្រពន្ធរបស់ជនដៃដល់។

ប្រតិបត្តិការចាប់ខ្លួនជនដៃដល់នេះ បានធ្វើឡើងដោយមានកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលខេត្តព្រៃវែង និងអង្គការ CPU។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា «ជនដៃដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែង និងកំពុងបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងបន្តបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។

តាមមន្រ្តីនគរបាលក្រសួងមហាផ្ទៃថ្លែងឱ្យដឹងថា ក្រោយពីកម្លាំងនគរបាលបានចាប់ខ្លួនជនដៃដល់ ក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើរំលោភ និងសម្លាប់ក្មេងស្រី២នាក់បងប្អូនមែន។

សូមរំឭកថា ឃាតកម្មដ៏ព្រៃផ្សៃនេះបង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។

អ្វីដែលធ្វើឱ្យគេសង្វេគជាខ្លាំងនោះ គឺបុរសជាឪពុកពេលបានមកឃើញហេតុការណ៍នេះភ្លាម បានកើតក្តីរន្ធត់ស្រែកយំស្តាយស្រណោះកូនជាពន់ពេក។

*នៅរសៀលថ្ងៃដដែលនេះ នៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល បានចាប់បញ្ជូនជនដៃដល់ និងប្រពន្ធ មកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃហើយ ពាក់ព័ន្ធនឹងករណីចាប់ រំលោភ និងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ។ ក្រោយពីបញ្ជូនមកដល់ក្រសួងមហាផ្ទៃ កម្លាំងនគរបាល នឹងបន្តបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់នេះ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...