ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនជាប់សង្ស័យ ក្នុងអំពើឃាតកម្មសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើត នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះ បានកំណត់អត្តសញ្ញាណជាបណ្តោះអាសន្នហើយ តែខណៈ ជនសជនសង្ស័យរូបនេះកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ខ្លួន។
ប្រភពដដែលបានបញ្ជាក់ទៀតថា ជនជាប់សង្ស័យលើករណីឃាតកម្មខាងលើនេះ ឈ្មោះ ឈឹម វិចិត្រ ភេទប្រុសអាយុប្រហែល៣០ឆ្នាំ។ ជាមួយគ្នានេះសមត្ថកិច្ចបានអំពាវ នាវដល់ប្រជាពលរដ្ឋរដ្ឋ, សមត្ថកិច្ចនៅតាមបណ្តាមូលដ្ឋាន ឬខេត្តនានា និងប្រជាពលរដ្ឋ ដែលបានប្រទះ ឃើញជន ជាប់សង្ស័យដូចបង្ហាញក្នុងរូបថតនេះ បើបានជួប ឬឃើញនៅកន្លែងណាមួយ ត្រូវផ្តល់ព័ត៌មាន ឬចាប់ខ្លួននាំមកសាកសួរទាក់ទងឃាតកម្មនេះ។
នៅរសៀលថ្ងៃទី៣០ ខែឧសភានេះស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រកាសដោយសន្យាជាមួយក្រុមគ្រួសារក្មេងរងគ្រោះ ២នាក់បងប្អូនបង្កើត ដោយត្រូវឃាតករចិត្តខ្មៅ រំលោភរួចសម្លាប់ចោលថា លោកនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនបង្ក យកមកផ្ដន្ទាទោសតាមផ្លូវឱ្យបានតឹងរឹងបំផុត ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងភរិយា ព្រមទាំងសហការី ដោយមានចិត្តអាណិតអាសូរដល់ក្រុមគ្រួសារសពបានចូលបច្ច័យបុណ្យសព១លានរៀល និងថ្លៃក្ដាមឈូស ចំនួន២ និងចេញថវិកាចាត់ចែងបូជាសព និងបូកបន្ថែមចូលរួមបច្ច័យរបស់គណៈស្នងការផងដែរ។
សូមរំឭកថា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មានអំពើឃាតកម្មមួយករណី បានកើតឡើង នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ឃាតកម្មនេះ សមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលឱ្យក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើត បាមរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្មេងៗរងគ្រោះទាំងពីរនាក់នោះមានឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ ឆ្នាំកន្លះ បានស្លាប់ នៅកន្លែងកើតហេតុ និងឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ បានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញកាលពីយប់មិញនេះ ៕