(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ទំនងស្រវឹងបើករថយន្ត RAV4 ក្នុងល្បឿនលឿនរេចង្កូតទៅបុករថយន្តកាមរី ហាយប្រ៊ីត ដែលចតស្ងៀម រួចរុញទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្តាលរងការខូចខាត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាស ឥន្ធនូខាងលិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR- 1167 និងរថយន្តម៉ាកTUCSON. ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AZ- 2563 ចតស្ងៀម នៅលើដងផ្លូវមុខសណ្ឋាគារ អេនិកប៊ូនិក ក្នុងទិសដៅពីកើតទៅលិច ក្រោយមកស្រាប់តែមានរថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AY- 9816 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនសង្ស័យស្រវឹង បានរេចង្កូតទៅបុករថយន្តហាយប្រីតរុញទៅបុករថយន្តម៉ាក TUCSON បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលដោយភាគីបង្កចេញថ្លៃជួសជុលទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿង ៕