(ភ្នំពេញ)៖លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃត្រូវចោរចូលគាស់ផ្ទះ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងផ្ទះលេខ៥៦ ផ្លូវ២៨៩ ក្រុម៧៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយយកលុយអស់ប្រមាណ ៥ម៉ឺនដុល្លារ ។
យោងតាមគណនី Facebook របស់នាយ ព្រែក បានលើកឡើងថា «ពិតជាគួរឱ្យសោកស្ដាយណាស់ ចំពោះលោក អ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពី យប់មិញ វេលាម៉ោងប្រហែល៨យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំ ដែលស្ថិតនៅទួលគោក យកប្រាក់អស់ចំនួន៥ម៉ឺនដុល្លារ។ លោកអ៊ុំវ័យ ជិត៧០ឆ្នាំហើយ មិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះ ទំរាំសំន្សំបានប្រាក់នេះ»។
លោក ព្រហ្ម ម៉ាញ អាយុ៦៩ឆ្នាំ ទីលំនៅផ្ទះកើតហេតុខាងលើបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា «កន្លងមករស់នៅក្នុងផ្ទះនេះមានគ្នាចំនួន០៣នាក់ ប្អូនស្រីខ្ញុំ, ក្មួយស្រីខ្ញុំ និងខ្ញុំ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង ៣០នាទី ខ្ញុំក៏ចេញទៅចូលរួមច្រៀងរាប់ផ្លែឈើឱ្យគេនៅអូដឹមចប់នៅវេលាម៉ោង ១១ និង០០នាទី ខ្ញុំក៏ទៅមើលដីនៅឯបឹងធំ ចំណែកប្អូនខ្ញុំនិងក្មួយខ្ញុំក៏ចេញទៅក្រៅដែរ រហូតដល់ម៉ោងកើតហេតុខាងលើខ្ញុំក៏ត្រឡប់មកផ្ទះមុនគេ ហើយចាក់សោរចូលឡើងទៅបន្ទប់របស់ខ្ញុំ ស្រាប់តែឃើញបង្អួចបើកចំហរបន្តិច និងមានស្នាមគាស់ទ្វារ រួចខ្ញុំក៏រុញទ្វារទើបដឹងថាចោរចូលលួចលុយតែម្តង»។
ការបែកធ្លាយដំណឹងបែបនេះ ត្រូវបានមហាជនចូលរួមសម្ដែងក្ដីសោកស្តាយ និងទទូចសុំឱ្យសមត្ថកិច្ច កំណត់មុខសញ្ញាជនល្មើស ស្រាវជ្រាវ ចាប់ខ្លួនបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាការកត់សម្គាល់ សម្រាប់តារាចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ ត្រូវបានគេដឹងកន្លងមកថា លោកមិនដែលស្វាគមន៍ចំពោះសំណួររបស់អ្នកសារព័ត៌មាន ដែលត្រូវចោទសួរលោកនោះឡើយ ទោះបីជាលោកមានរឿងរ៉ាវតូចធំយ៉ាងណាក៏ដោយ៕