(ខេត្តកោះកុង) ៖ រថយន្តសាំយ៉ុងបើកបុកម៉ូតូពីក្រោយ បណ្តាលឱ្យអ្នកបើកម៉ូតូរបួសធ្ងន់ និងបានស្លាប់នៅតាមផ្លូវខណៈកំពុងបញ្ជូនទៅសង្្រគោះនៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើង នៅវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ ចំណុចអូរតាព្រំ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្ករម៉ាកាក សាំយ៉ុង ពណ៌ស្ករ ពាក់ស្លាក លេខ ភ្នំពេញ 2AP-3641 អ្នកបើកបររត់គេចខ្លួន បានបុកម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ម-3059 ភ.ព បើកបរក្នុងទិសដៅស្របគ្នា ដោយឈ្មោះ សួន ចំរើន ភេទប្រុស អាយុ៤៥ ឆ្នាំ មានទីលំនៅភូមិ ភូមិអូតាសៀវ ឃុំគោល ស្រុកសណ្តាន់ ខេត្តកំពង់ធំ មុខរបរកម្មករសំណងត្រចៀកកាំ ស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ ជនរងគ្រោះស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត។
ប្រភពដដែលបន្តថា ក្រោយពីកើតហេតុុ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកោះកុង ចុះអន្តរាគមន៍ និងជួយសង្គ្រោះជនរងគ្រោះ បញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តកោះកុង។ ចំណែករថយន្តបង្ក និងម៉ូតូ កម្លាំងជំនាញយើង បានធ្វើកំណត់ហេតុ រក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕