(ខេត្តរតនគិរី)៖ ស្ត្រី២នាក់ ត្រូវនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តរតនគិរីឃាត់ខ្លួន ដោយដកហូតបានសារធាតុញៀនមួយចំនួនធំ និងសម្ភារ:សម្រាប់សេពគ្រឿងញៀន ហើយបានធ្វើតេស្តរកឃើញសាធាតុញៀននៅក្នុងទឹកនោមទាំង២បាក់ ដែលចាត់ទុកថាពួកគេទាំង២នាក់ជាជនប្រើប្រាស់គ្រឿងញៀនផងដែរ។ ការឃាត់ខ្លួនស្ត្រីទាំង២នាក់នេះធ្វើឡើងនៅវេលាម៉ោង១០ និង៥៥នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ នៅ ចំណុចបន្ទប់លេខ១១១ នៃសណ្ឋាគាររតនគិរី ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីពាក់ព័ន្ធនឹងករគ្រឿងញៀន២នាក់នេះ៖ ទី១- ឈ្មោះ អោយ សាវម៉ាម ហៅអាហ្សា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២- ឈ្មោះ ម៉ែន លីណា ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ធំទម្ងន់១០,៧១ក្រាម ទាំងសំបកថង់, ទូរស័ព្ទដៃ២គ្រឿង, កាំភ្លើងប៊ិចកែច្នៃបាញ់គ្រាប់ពិត១ដើម, ជញ្ជីងថ្លឹងចំនួន១គ្រឿង, ថង់ច្រកថ្នាំញៀនមួយចំនួនធំ និងសម្ភារ: សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕