ចាប់ខ្លួនជនជាតិចិន និងគ្រាប់បែកកែឆ្នៃក្លែងក្លាយ នៅខណ្ឌពោធិ៍សែនជ័យ
ដោយ Heng  ថ្ងៃទី 1 May, 2019  ម៉ោង 15:09 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ បានស្ពាយកាបូបភ្ជាប់ជាមួយគ្រាប់បែកកែច្នៃ ចូលទៅក្នុងហាងចិនមួយកន្លែងលក់គុជ យីហោ «ហឺហឺ» នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នេះ ស្ថិតនៅមុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ដោយឃើញសភាពបែបនេះ ម្ចាស់ទីតាំងលើបានស្រែកឆោឡោឡើង និងរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌបានដឹកនាំកម្លាំង ដើម្បីចុះទៅអន្ដរាគមន៍ និងចាប់ខ្លួនជនសង្ស័យឈ្មោះ លីវ ជីន អាយុ៣៩ឆ្នាំ រួមជាមួយវត្ថុតាងដើម្បីឲ្យអង្គភាពស៊ីម៉ាក់ ចុះធ្វើការពិនិត្យភ្លាមៗផងដែរ។

លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មានថា គ្រាប់ បែកកែច្នៃដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ជាមួយជនជាតិចិនម្នាក់នៅខណ្ឌពោធិ៍សែនជ័យនោះ ជាប្រភេទគ្រាប់មិនផ្ទុះបាននោះទេ ដោយសារគ្មានខ្សែឈ្នួនផ្ទុះ ហើយនៅខាងក្នុងបំពង់នោះមានតែដីខ្សាច់ មិនមែនរំសេវនោះទេ។ លោកបញ្ជាក់ថា តាមការត្រួតពិនិត្យរបស់មន្រ្តីស៊ីម៉ាក់ បានបង្ហាញថា ជាប្រភេទគ្រាប់បែកកែច្នៃមិនអាចផ្ទុះនោះទេ ដូច្នេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ។

ជាមួយគ្នានេះ លោកស្នងការ ក៏បានបញ្ជាក់ផងដែរថា ករណីនេះផ្ដើមចេញពីគំនុំរកស៊ីជាមួយដៃគូរបស់ខ្លួន ជាជនជាតិចិនដូចគ្នា ទើបធ្វើឲ្យជនសង្ស័យយកគ្រាប់បែកកែច្នៃ មកគំរាមដៃគូជម្លោះរបស់ខ្លួន។

តាមការសាកសួរពីឈ្មោះ ថាំង នៀន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន (ម្ចាស់ហាងតែគុជ) បានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូកង់បីមកម្នាក់ឯង មានស្ពាយវត្ថុម្យ៉ាងដែលគេសង្ស័យថាគ្រាប់បែក ចូលមកចំណុចខាងលើហើយសួររកឈ្មោះ តឹង ដែលឧស្សាហ៍មកហាងខាងលើ ហើយម្ចាស់ហាងបានឆ្លើយថា អត់ឃើញឈ្មោះតឹង មកទីនេះទេ។

បន្ទាប់មកជនសង្ស័យ បានយកវត្ថុម្យ៉ាងដែលមានរុំស្កុតជាមួយនាឡិកាចេញពីកាបូប ឃើញដូច្នោះម្ចាស់ហាងភ័យឆោឡោស្រែកឡូឡា លឺដល់ប្រជាពលរដ្ឋ ប្តឹងសមត្ថកិច្ច បន្ទាប់មកកម្លាំងនគរបាលបានចុះមកឃាត់ខ្លួនជនសង្ស័យ រួមវត្ថុតាងមកប៉ុស្តិ៍នគបាលចោមចៅ១ ដើម្បីសាកសួរ និងទាក់ទងទៅអង្គភាពស៊ីម៉ាក់ មកពិនិត្យវត្ថុតាងខាងលើថា តើជាគ្រាប់បែកច្នៃ ឬមិនមែន?។

តាមការសាកសួរពីជនសង្ស័យបានប្រាប់ថា ខ្លួនបានលេងហ្គេម (ក្នុងកម្មវិធីម្យ៉ាងដែលលេងផង មើលមុខគ្នាឃើញផង) ជាមួយឈ្មោះ តឹង ហើយបានប្រកែកគ្នា ខ្វែងគំនិតគ្នាតាមប្រព័ន្ធ Internet ហើយឈ្មោះតឹងនេះ ក៏មានបញ្ហាជំពាក់លុយកាក់ខ្លួនផងដែរ ពាក់ព័ន្ធការរកស៊ីចូលហ៊ុនគ្នា ហើយខ្លួនចង់ជួបឈ្មោះតឹង តែមិនដឹងថាស្នាក់ នៅឯណា។ ប៉ុន្ដែដឹងថាឧស្សាហ៍មកហាងលក់តែគុជខាងលើ ទើបខ្លួនមកហាងខាងលើដើម្បីរក ហើយជនសង្ស័យបានប្រាប់ថា វត្ថុខាងលើមិនមែនជាគ្រឿងផ្ទុះទេ គឺខ្លួនធ្វើលេងដើម្បីគំរាមតែប៉ុណ្ណោះ។

ក្រោយពីមន្ត្រីស៊ីម៉ាក ធ្វើការត្រួតពិនិត្យរួចបានសន្និដ្ឋានថា មិនមែនជាគ្រឿងផ្ទុះទេ គឺជនសង្ស័យរៀបចំឲ្យដូចគ្រឿងផ្ទុះ ដើម្បីគម្រាមអ្នកដ៏ទៃ ដូចចម្លើយរបស់ជនសង្ស័យមែន។ បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគបាលរក្សាទុក ចំណែកជនសង្ស័យឃាត់ខ្លួន បណ្តោះអាសន្ននៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យរង់ចាំបន្តនិតិវិធី៕

លើ

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...