(ភ្នំពេញ)៖ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេចផ្អាកតួនាទីរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឈ្មោះ ជា សុវណ្ណថេត បន្ទាប់ពីក្រសួងយុត្តិធម៌ទទួលបានការជូនដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្ដីពីការចោទប្រកាន់លោក ជា សុវណ្ណថេត ពីបទផ្ដើមគំនិតក្នុងអំពើកាប់ឆ្ការ គាស់ ឈូសឆាយព្រៃលិចទឹក និងហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹកក្នុងខេត្តកំពង់ធំ។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្ញើទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមេសា ឱ្យដឹងថា ក្រសួងបានស្នើទៅព្រះរាជអាជ្ញា ឱ្យផ្អាកតួនាទីរបស់ព្រះរាជអាជ្ញារងឈ្មោះ ជា សុវណ្ណថេត ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចរបស់តុលាការជាស្ថាពរ ដោយយោងតាមច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មាត្រា ៥៨ និងមាត្រា ១០០ ។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់ដែរថា ព្រះរាជអាជ្ញារង លោក ជា សុវណ្ណថេត បានរងការចោទប្រកាន់ថាបានផ្ដួចផ្ដើម ក្នុងការកាប់ឆ្ការព្រៃ និងព្រៃលិចទឹកទឹក កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែមេសា។ បទចោទប្រកាន់នេះ នឹងប្រឈមនឹងការផ្ដន្ទាទោស តាមមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៩៨ នៃច្បាប់ជលផល។
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ ក៏បានប្រាប់កាសែតក្នុងស្រុកឱ្យដឹងថា មនុស្សដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឈូសឆាយដីព្រៃលិចទឹកចំនួន ៩នាក់ រួមជាមួយនឹងគ្រឿងចក្រជាច្រើន ត្រូវបានកងកម្លាំងរបស់ខេត្តឃាត់ខ្លួន ខណៈពួកគេកំពុងឈូសឆាយដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋ កាលពីថ្ងៃទី១៧ ខែមេសា។ លោកបន្ថែមថាមកទល់ពេលនេះ តុលាការបានសម្រេចឃុំខ្លួន មនុស្សទាំង ៩ នាក់នោះជាបណ្ដោះអាសន្ន៕