(ភ្នំពេញ)៖ កាលពីវេលាម៉ោង១០ៈ១០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងទីតាំងភោជនីយដ្ឋាន ថាតឌីង តាមផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកើតឡើងករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនគ្នាឯង ហើយត្រូវបានគេរាយការណ៍ដល់សមត្ថកិច្ចទាំងយប់ភ្លាមៗខណ្ឌភ្លាមៗ ហើយបានចុះជួយអន្តរាគមន៍។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា តាមការបំភ្លឺពីជនជាតិចិន (ម្ចាស់ភោជនីយដ្ឋាន) បានឱ្យដឹងថា នៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានជនជាតិចិនមួយក្រុម មានគ្នា៥នាក់ ជិះរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ TOP1 ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកផឹកស៊ីមួយសន្ទុះ ក៏និយាយប្រាប់ថៅកែ ឱ្យរកស្រីជនជាតិចិនចំនួន៥នាក់ មកអង្គុយផឹកកំដរពួកគេ។
លុះផឹកស៊ីរហូតដល់វេលាម៉ោង៩ និង១០នាទីយប់ ក្រុមជនសង្ស័យខាងលើ បានសុំនាំក្រុមស្ត្រីទាំង៥នាក់នោះ ចេញទៅដើរលេងមួយភ្លែត រួចក៏នាំគ្នា ឡើងជិះរថយន្ត ចាកចេញទៅបាត់ មិនដឹងថា ទៅដល់ណាទេ ស្រាប់តែនៅវេលាម៉ោង១០យប់ ថ្ងៃដដែល ក្រុមជនសង្ស័យទូរស័ព្ទ មកគំរាម ជំរិតទារប្រាក់ចំនួន១០ម៉ឺនយ៉េន ជាថ្នូរនឹងដោះលែង ស្ត្រីចិន៥នាក់ទៅវិញ។
ដោយមានការភិតភ័យ ម្ចាស់ភោជនីដ្ឋាន បានចរចាផ្ញើវេរលុយ លើកទី១ ចំនួន១៩០០០យ៉េន តែក្រុមជនសង្ស័យមិនព្រមដោះលែងទេ។ លុះដល់វេលាម៉ោង៤ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យទារ លុយបន្ថែម ថៅកែភោជនីយដ្ឋាន វេរលុយជាលើកទី២ ចំនួន៣២០០០០យ៉េន បន្ថែមទៀត ថានឹងដោះលែងស្ត្រីជនជាតិចិន៣នាក់ តែមិនឃើញដោះលែង ទើបជនរងគ្រោះទៀត រាយការណ៍ប្រាប់សមត្ថកិច្ច ដល់សមត្ថកិច្ច ចុះទៅសាកសួរដល់ភោជនីយដ្ឋាន។
ដោយទ្បែកនៅវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២១ ខែមេសានេះ ស្ត្រីជនជាតិចិនដែលរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះលែងបាន៣នាក់ហើយ នៅទីរួមខេត្តកំពត នៅសល់២នាក់ទៀត កម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ តាមស្វែងរក ៕