ចុងភៅណាហ្គាម្នាក់ រថយន្តហៃឡែនឌ័រកៀរដួល ហើយត្រូវរថយន្តកុងតឺន័រកិនបែកក្បាលស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ១
ដោយ Heng  ថ្ងៃទី 21 April, 2019  ម៉ោង 10:21 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការទៅផ្ទះ ស្រាប់តែមានរថយន្តហាយឡែនឌ័រ មិនចាំស្លាកលេខមកពីក្រោយបើកកៀរឱ្យដួល និងស្របពេលរថយន្តកុងតឺន័រ មួយគ្រឿងទៀតបើកមកពីក្រោយកិនចំក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង៨ និង៥៣នាទីយប់ ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារព្រែកឯង តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រេង ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ចុងភៅ នៅណាហ្គា(១) មានស្រុកកំណើតនៅភូមិ ដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល នៅលីវ មិនទាន់មានប្រពន្ធ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជន រងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AD-3154 ធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈ មកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តហាយឡៃនឌ័រ មួយគ្រឿងមិនចាំស្លាកលេខ បានបើកមកពីក្រោយហើយកៀរជនរងគ្រោះឱ្យដួល បានឈប់មើលមួយភ្លែត ហើយក៏បើកចេញទៅបាត់។ ស្រាប់តែពេលនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀតមកពីក្រោយទឹសដៅស្របគ្នាបានកិនជនរងគ្រោះចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗតែម្ដង។ ក្រោយពីកិនហើយ រថយន្តកុងតឺន័រក៏បានបន្ថែមល្បឿនបើករត់បាត់ស្រមោល ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ បានវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាត ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...