(ខេត្តកំពង់ធំ)៖ ប្តីប្រពន្ធវ័យចំណាស់មួយគូជិះម៉ូតូឌុបគ្នា បើកលឿនឡើងវ៉ាជែងជ្រុលទៅបុករថយន្តកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹងដួលបោកស្លាប់លើថ្នល់ទាំង ២នាក់ភ្លាមៗ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពី រសៀលថ្ងៃទី១៧ ខែមេស ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧១ ភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BI- 7015 បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយឈ្មោះ សុន សំបាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករមកពីប្រទេសកូរេ នៅភូមិអូរដារ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ស្លាប់នៅកន្លែងកើតហេតុ។ ឌុបប្រពន្ធឈ្មោះ នាង ខី អាយុ ៥៨ឆ្នាំ មុខរបរកម្មករមកពីប្រទេសកូរេ(ស្លាប់នៅកន្លែងកើតហេតុ) ជនរងគ្រោះទាំង២នាក់មិនពាក់មួកសុវត្ថិភាពដូចគ្នា។
ចំណែករថយន្តដែលបុកម៉ូតូនោះម៉ាកLexus Rx300 ពណ៌ទឹកមាស ស្លាកលេខបន្ទាយមានជ័យ2B-9977 បើកបរក្នុងទិសបញ្ច្រាសម៉ូតូ, អ្នកបើកបរមិនស្គាល់អត្ត សញ្ញាណ។ ក្រោយប៉ះទង្គិចបានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ តែបន្សល់ទុកនូវស្លាកលេខជ្រុះជាប់ជាមួយម៉ូតូ)។
សមត្ថកិច្ចបានបញ្ជាក់ថា តាមមូលហេតុ បង្កដោយអ្នកបើក បរម៉ូតូបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុករថយន្តដែរកំពុងចរាចរណ៍ក្នុងកន្លងផ្លូវគេ។ សមត្ថកិច្ចបានចុះវាស់វែងនៅកន្លែងកើតហេតុ និងយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍បណ្តោះអាសន្ន។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕