(ភ្នំពេញ) ៖ ម៉ូតូកង់បីឥណ្ឌា បើកបុរថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយកហរឡាប់បះជើងខ្លួនឯងនៅកណ្តាលថ្នល់ បានកើតឡើង នៅវេលាម៉ោង ០៨និង០៥នាទី យប់ ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ (មុខផ្ទះលក់សំបកកង់រថយន្តគ្រប់ប្រភេទ យីហោ ចាន់ឃីម) ភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពនៅទីកន្លែងកើតហេតុថា គេបានឃើញបុរសវ័យចំណាស់ម្នាក់ ដែលអ្នកភូមិនៅទីនោះស្គាល់ថា ជាថៅកែ ខារ៉ាអូខេ លឺកាស៊ី រួមជាមួុយក្រុមគ្រួសារពីរបីនាក់ទៀតជាអ្នករួមដំណើរក្នុងរថយន្ត មួយគ្រឿង ម៉ាក TOYOTA Hilux Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-7799 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង។
ប្រភពបន្តថា លុះមកដល់ចំណុចខាងលើ បានស៊ីញ៉ូឆ្វេងបម្រុងបត់ឆ្លងត្រឡប់ក្រោយ ស្រាប់តែម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌ស (អត់ពាក់ស្លាកលេខ) ធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនមកពីក្រោយ បានបុកចំកង់រថយន្តខាងឆ្វេង ខ្ទាតក្រឡាប់ផ្ងារជើងខ្លួនឯង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមចេញ សម្របសម្រួលចរាចរណ៍ ភ្លាមៗផងដែរ។ តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករបួសនោះទេ ។
សមត្ថកិច្ចបានបាញ់គំនូសវ៉ាស់វែង រួចឱ្យរថយន្តអែបខាងសិន ដើម្បីឱ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា មួយជំហានសិន ដោយភាគីខាង រថយន្ត មិនចង់វែងឆ្ងាយ ទើបយល់ព្រមសងសំណង១០០ដុល្លារ ដើម្បីបញ្ចប់បញ្ហាអចេតនានេះ៕