(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន (៥៨លើក) ក្នុងនោះសម្លាប់មនុស្ស ចំនួន (៣០នាក់) និងរបួស (៨៩នាក់)។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់ជូនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ។
ដោយឡែកបើតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា គ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានចំនួន៨២លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៤៤នាក់ និងរបួស១៣២នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានការកើនឡើង២៩លើក មនុស្សស្លាប់កើនឡើង ១៩នាក់ របួសសរុបកើនឡើង ៤៦នាក់ ក្នុងនោះរបួសស្រាលកើន៣នាក់ និងរបួសធ្ងន់កើន៤៣នាក់។
រយៈពេល៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បណ្ដាលមកពីប្រើប្រាស់ល្បឿនលឿន៣០លើក, ស្រវឹង៦លើក, ប្រជែង១១លើក, មិនប្រកាន់ស្ដាំ១១លើក, មិនគោរពសិទ្ធិ១៤លើក, បត់គ្រោះថ្នាក់៩លើក, កត្ដាយានយន្ដ១លើក ។
ដោយឡែក សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ កើតឡើងចំនួន២៧លើក (ស្លាប់មនុស្ស ១៣នាក់) របួសធ្ងន់ (៣២នាក់) និងរបួសស្រាល (១០នាក់)។ ក្នុងនោះខូចខាតយានយន្ដ រួមមាន៖ (ម៉ូតូ ៣៧គ្រឿង), (រថយន្ដតូច៩គ្រឿង), យានផ្សេងៗ៣គ្រឿង និងថ្មើរជើង២នាក់៕