(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិាតិ លោក គឹម ខឿន ប្រាប់អាស៊ីសេរី នៅយប់ថ្ងៃទី១៤ មេសា ថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៩ មានមនុស្សចំនួន ១៧នាក់បានស្លាប់ និង ចំនួន ៤៧ នាក់ផ្សេងទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកបញ្ជាក់ថា គ្រោះថា្នក់ចរាចរណ៍នេះបានកើតមានឡើងដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹង បើកបរ ធ្វេសប្រហែស និងការបើកបរហួសល្បឿនកំណត់។ លោកមានប្រសាសន៍ទៀតថា នៅនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ក៏មានគ្រោះអគ្គីភ័យបានកើតឡើងដែរ បណ្ដាលឱ្យឆេះផ្ទះ១ខ្នង និងរោងសិប្បកម្ម១។
លោកបញ្ជាក់ថា ហេតុការណ៍នេះបានកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ និងនៅក្នុងទីក្រុងភ្នំពេញតែពុំបណ្ដាលឱ្យមានមនុស្សណាម្នាក់រងគ្រោះដោយសារគ្រោះអគ្គីភ័យនោះទេ។ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានចាប់ផ្តើមឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា រយៈពេល ១៨ថ្ងៃគិតពីថ្ងៃទី១ ដល់ថ្ងៃទី១៨ មេសា គឺមុន និងក្រោយចូលឆ្នាំខ្មែរ កាលពីឆ្នាំ២០១៨ មានចំនួនគ្រោះថ្នាក់ចរាចរណ៍ចំនួន ២១៨ករណីក្នុងនោះមានមនុស្សស្លាប់ចំនួន ១១៨នាក់ និងរបួសចំនួន ៣៤៣នាក់៕