(ខេត្តស្វាយរៀង)៖ រថយន្តដឹកគ្រឿងភេសជ្ជៈបានជួបឧប្បត្តិហេតុផ្ទុះកង់ក្រោយផ្នែកខាងស្តាំរួចរេចង្កូតក្រឡាប់ផ្ងារជើង បង្កឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួស ស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែមេសាឆ្នាំ២០១៩ នេះ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្នៅ ឃុំតាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3178 បើកបរដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរ២នាក់ប្រុសម្នាក់ និងស្រីធ្វើដំណើរពីទិសខាងលិចទៅកើត។
ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់ផ្ទុះកង់ក្រោយខាងស្តាំបណ្តាលឱ្យរ៉េចង្កូតក្រឡាប់ផ្ងារជើងតែម្តងទៅ។ ក្រោយពី ជួបគ្រោះថ្នាក់ចរាចរណ៍គេឃើញមានសមត្ថកិច្ចយងចុះមកសម្រួលចរាចរណ៍ និងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ៕