(ភ្នំពេញ)៖ មនុស្ស២នាក់ បានស្លាប់ និង៥នាក់ផ្សេងទៀតរងបួសធ្ងន់ក្នុងករណីរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នៅចំណុចមុខផ្ទលេខ១២ ក្រុមទី១៣ ភូមិ៤ ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលទួលគោក បានឱ្យដឹងថា រថយន្តបង្កម៉ាកលុច ស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AN-2395 បើកបរក្នុងស្ថានភាពស្រវឹង ឈ្មោះ ទឹម គឹមទិច ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៥A ភូមិ២ ផ្លូវ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបើកបរក្នុងទិសដៅពីជើងមកទិសខាងត្បូងតាមបណ្ដោយ ផ្លូវលេខ៣២៤ លុះដល់កន្លែងកើតហេតុបានបើកបរជ្រុលចង្កូតរថយន្ដបុកមនុស្សកំពុងអង្គុយមុខផ្ទះលេខ១២ បណ្តាលឱ្យអ្នកស្លាប់ចំនួន០២នាក់ (កន្លែងកើតហេតុម្នាក់ និងម្នាក់ទៀតក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ) នឹងរងរបួសធ្ងន់ប្រហែលចំនួន៥នាក់ បានបញ្ជូនទៅមន្ទីរពេទ្យ។
លោកអធិការបន្តថា ក្រោយកើតហេតុកម្លាំងជំនាញបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកអ្នកបើកបរត្រូវបានឃាត់ខ្លួនបញ្ជូន ទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីកសាងឯកសារតាមនីតិវិធីច្បាប់ ៕