ខេត្តព្រៃវែង៖ ជនដៃដល់ ជឹម រតនៈ ជាមន្រ្តីអន្តោប្រវេសន៍ ស្រុកព្រះស្ដេច នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានយល់ព្រមចូលខ្លួនមកសារភាព និងទទួលទោសទណ្ឌរបស់ខ្លួនហើយ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
បើយោងតាមឯកសារ មានមនុស្សចំនួន៦នាក់ហើយ ដែលត្រូវបានឃាត់ខ្លួន ជុំវិញរឿងរ៉ាវបង្ក្រាបករណីចោរលួចរថយន្តនៅស្រុកបាភ្នំ ហើយឈានដល់មានការផ្ទុះអាវុធពីសំណាក់សមត្ថកិច្ចរហូតដល់ទៅ៥គ្រាប់ និងបានបណ្តាលជន សង្ស័យម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី២៣ មិនាកន្លងទៅនោះ។
សមត្ថកិច្ចមួយចំនួនបានបញ្ជាក់ឱ្យដឹងថា ក្រោយពីកើតមានហេតុការណ៍ផ្ទុះអាវុធ រហូតបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ ដែលត្រូវបានបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស និងចុងក្រោយត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចត្រូវតាមចាប់ខ្លួន ជនដែលប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោស និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ។
ក្រោយពីការដាក់បទបញ្ជាពីសម្តេចតេជោ នៅថ្ងៃទី២៥មិនា កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានកោះហៅមនុស្សពាក់ព័ន្ធចំនួន ៩នាក់ ទៅធ្វើការសាកសួរ ក្នុងនោះភាគីអ្នកដើមបណ្តឹងមានចំនួន៤នាក់ ទី១ឈ្មោះ សេង ឈិន ជាអ្នកដែលផ្តល់ពត៌មានដំបូងមកឈ្មោះ ផាន់ សុឌី ដោយចោទថា មានចោរលួចរថយន្តរបស់ខ្លួន។ ទី២ឈ្មោះ ផាន់ សុឌី ជាអ្នកប្តឹងបន្តទៅនាយប៉ូស្ត៌រដ្ឋបាលឃុំកំពង់សឹង្ហ។ ទី៣ឈ្មោះ ទ្រាវ ឈុនឡាយ និងទី៤ឈ្មោះ វ៉ែន ប៊ុនសារៈ ទាំង២នាក់ជាអ្នករួមដំណើរមកជាមួយឈ្មោះ សេង ឈិន និង ផាន់ សុឌី ដោយបើករថយន្តតាមមកពីក្រោយរថយន្តដែលអះអាងថាចោរលួច។
ចំណែកទី៥ឈ្មោះ ជា ឡាឌីន ជាមេប៉ូស្តិ៍រដ្ឋបាលឃុំកំពង់សឹង្ហ។ ទី៦ឈ្មោះ ជឹម វិន ជាមន្រ្តីប៉ូស្តិ៍រដ្ឋបាលឃុំកំពង់សឹង្ហ។ ទី៧ឈ្មោះ ភាព ផានី ជាប្រជាពលរដ្ឋ និងជាអ្នកផ្តល់ពត៌មានឱ្យលោកមេប៉ូស្តិ៍។ ទី៨ឈ្មោះ អ៊ូ ប៊ុនទីឃីយ៉ាត់ ជាប្រជាពលរដ្ឋដែលពាក់ព័ន្ធ អ្នកទាំង៤ជាភាគីសមត្ថកិច្ចដែលចេញប្រតិបត្តិការបង្ក្រាប។ ទី៩ឈ្មោះ វ៉ាន់ ខេមរិន្ទ ជាអ្នករួមដំណើរជាមួយជនរងគ្រោះឈ្មោះ យ៉ន រ៉ាវុធ ( ស្លាប់ )នៅក្នុងរថយន្តព្រូស ដែលត្រូវសមត្ថកិច្ចបាញ់បង្ក្រាប។
ប្រភពដដែលនេះបានបង្ហើបប្រាប់ទៀតថា ក្រោយពីធ្វើការសាកសួរមនុស្សទាំង៩នាក់ខាងលើរួច សមត្ថកិច្ចបាន សម្រេច ធ្វើការឃាត់ខ្លួនជនពាក់ពន្ធ័ចំនួន៥នាក់នៅក្នុង ចំណោម ៩នាក់ ដែលបានហៅសាកសួរនោះ ក្នុងនោះរួមមាន៖ ទី១ឈ្មោះ សេង ឈិន ទី២ឈ្មោះ ផាន់ សុឌី ជាអ្នកប្តឹងឱ្យសមត្ថកិច្ចស្ទាក់ចាប់ចោរ។ ទី៣ឈ្មោះ ជា ឡាឌីន មេប៉ូស្តិ៍រដ្ឋបាលឃុំកំពង់សឹង្ហ ទី៤ឈ្មោះ ជឹម វិន មន្រ្តីប៉ូស្តិ៍រដ្ឋបាលឃុំកំពង់សឹង្ហ ទាំង២នាក់ជាអ្នកប្រើកាំភ្លើងបាញ់ទៅលើរថយន្តដែលជនរងគ្រោះកំពុងជិះ និងទី៥ឈ្មោះ ភាព ផានី ជាប្រជាពលរដ្ឋ និងជាអ្នកញុះញុងអោយមានការចេញបង្ក្រាប រហូតដល់មានការផ្ទុះអាវុធឡើង។
ដោយឡែកមន្រ្តីប៉ូលីសម្នាក់ទៀតឈ្មោះ ជឹម រតនៈ នាយផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ដែលជាជនដៃដល់ក្នុងការបាញ់ប្រហារ ទៅលើរថយន្តសង្ស័យដែរនោះ នៅរសៀលនេះសមត្ថកិច្ចកំពុងសួរនាំ។ ចំណែកមនុស្ស៤ នាក់ផ្សេងទៀត ក្រោយពីធ្វើការសាកសួររួចឃើញថា ពុំមានជាប់ពាក់ព័ន្ធ សមត្ថកិច្ចក៏សម្រេចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
ទោះជាយ៉ាងណាក៏ដោយ មកដល់រសៀលថ្ងៃទី២៦មីនានេះ នៅមិនទាន់អាចសុំការបំភ្លឺណាមួយ ពីកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ឬស្នងការនគរបាលខេត្តព្រៃវែងបាននោះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីតាមទូរស័ព្ទថា កំពុងជាប់រវល់លើការងារនេះ ហើយមិនទាន់អាចឆ្លើយបំភ្លឺបានទេ សុំពេលធ្វើការស្រាវជ្រាវឱ្យលំអិតជាងនេះបន្តិចទៀតសិន៕