(ខេត្តមណ្ឌលគិរី)៖ បច្ចុប្បន្នក្រុមឈ្មួញកំពុងដឹកជញ្ជូនឈើប្រណីត ទៅលក់នៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ចេញតាមច្រកដាក់ដាំដោយមិនមានការបង្ក្រាបនោះទេ ព្រោះក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយមន្ត្រីពុករលួយ ជាប្រព័ន្ធរួចជាស្រេច ជាពិសេស មានការបើកដៃពីលោក យូ សុធា ជាមេប៉ុស្តិ៍ព្រំដែន អន្តរជាតិដាក់ដាំ ។ ហើយករណីនេះត្រូវបានគេមើលឃើញថា ច្រកអន្តរជាតិដាក់ដាំ ដែលគ្រប់គ្រងដោយលោក យូ សុធា រាប់សិបឆ្នាំមកនេះ ជាច្រកអំណោយផលដែលក្រុមឈ្មួញឈើ ទទួលបានការឃុបឃិតពីមន្ត្រីពុករលួយ ដែលឈើមិនតិចម៉ឺនម៉ែត្រគុបទេ បានយកទៅលក់ឱ្យវៀតណាម ។ ទាក់ទិននឹងករណីនេះប្រភពបានឱ្យដឹង ថា លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រហែលជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីលោក យូ សុធា ទើបបណ្តោយឱ្យមន្ត្រីក្រោមឱវាទរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។
មានសេចក្តីរាយការណ៍ពីច្រកដាក់ដាំមកថា បើគេពិនិត្យមើល សកម្មភាពនាំចេញឈើប្រណីតទៅប្រទេសវៀតណាម ពុំមានការថយចុះនោះទេ គេសង្កេតឃើញថា គ្រាន់តែរយៈពេលគិតត្រឹមពីថ្ងៃទី០៧ខែកម្ភៈ ឆ្នាំ២០១៩ ដល់ថ្ងៃ១០ខែកុម្ភៈ ២០១៩ (ក្នុងរយៈពេលតែ៣ថ្ងៃ) រថយន្តប្រភេទសាំងយុង ជិត១ពាន់គ្រឿង ដឹកឈើចេញតាមច្រកដាក់ ដាំនៅពេលយប់ ដែលរថយន្តទាំងនោះដឹកឈើចេញពីស្រុកពេជ្រាដា កោះញែក និងស្រុកអូររាំង។ ហើយប្រភពបានបញ្ជាក់ទៀតថា ចាប់តាំងពីដើមខែមិនានេះមកដល់ថ្ងៃទី២៥ ខែមិនាដដែលនេះ គេសង្កេតឃើញថាឈ្មួញសម្រុកដឹកឈើយ៉ាងគំហុកពេលយប់ឆ្លងទៅប្រទេសវៀតណាមសរុបមិនតិចពាន់រថយន្ត ដែលនេះជាការ ឃុបឃិតរួមគ្នាជាទ្រង់ទ្រាយធំ ដើម្បីទាញយកផលប្រយោជន៍រៀងៗខ្លួន។ ទោះជាសកម្មភាពដឹកឈើឆ្លងដែនប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងយ៉ាងណា ក៏គេមិនឃើញ លោក ស្វាយ សំអ៊ាង ចេញបទបញ្ជាបង្ក្រាបឡើយ។
ប្រភពដដែលបញ្ជាក់ទៀតថា ក្រុមឈ្មួញឈើនៅតែបន្តដឹកឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម បើទោះបី អាជ្ញាធរ និងមន្ត្រីជំនាញចុះទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ក៏សកម្មភាពបង្ក្រាបមិនមានប្រសិទ្ធភាព សោះឡើយ ព្រោះល្បីថាមានឧកញ៉ានគរបាលផ្កាយ៣ដ៏មានឥទ្ធិពលម្នាក់ ទៅពីភ្នំពេញជាអ្នកកាងពីក្រោយ នៃការដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមនេះ។ បែបនេះហើយត្រូវបានគេសង្ស័យថា ក្រុមមន្ត្រីជំនាញបានត្រូវរ៉ូវគ្នាជា ឈ្មួញឈើចាក់ស្រេះជាប្រព័ន្ធ។ រីឯសកម្មភាពបង្ក្រាបម្តងមួយកាល គ្រាន់តែជាវាំងននបិទបាំងបំភាន់ថ្នាក់លើ ។ ជាងនេះទៅទៀតការបង្ក្រាបវិញ ចាប់បង្ក្រាបបានតែឈ្មួញណា ដែលមិនរត់ការបង់ផ្លូវ តែប៉ុណ្ណោះ។ ទាក់ទិននឹងការជួញដូរឈើនេះ បានបង្ក និងជម្រុញឱ្យមាន ល្មើសឈើកាប់កាប់យកឈើចេញពីព្រៃសហគមន៍ និងព្រៃការពារកើតឡើងយ៉ាងរាលដាលនៅក្នុងខេត្តមណ្ឌលគិរី ៕
រូបភាព រថយន្តសាំយ៉ុងដឹកឈើឆ្លងទៅវៀតណាម តាមច្រកដាក់ដាំ កាលពីដើមឆ្នាំ២០១៧