ខេត្តព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ លោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកយន្ត មីន អភិបាលខេត្តព្រះ សីហនុ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុចំនួន ២រូប កងកម្លាំងទាំងបីប្រភេទនិងអស់លោក លោកស្រី អ្នកមុខអ្នកការមកពីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីរាជការ ចំណុះសាលាខេត្ត ជាច្រើនរូបចូលរួមផងដែរ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៣៣៤ អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ សម្រេច ផ្ទេរភារកិច្ចលោក លៀម សុដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ។ តែងតាំងលោក ម៉ាង ស៊ីណេត ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ នៃមន្ត្រីក្របខ័ណ្ឌគ្រប់គ្រងរដ្ឋបាលក្រសួងពាណិជ្ជកម្ម ឱ្យមកកាន់មុខតំណែងជាអភិបាលរង ខេត្តព្រះសីហនុ ។
លោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ វាយតម្លៃការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ជម្រុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយសមិទ្ធិផលនេះ បានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០១៨ និងការព្យាករណ៍២០១៩ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើង បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃបានប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ២រូបនេះ សង្ឃឹមថា និងអនុវត្តបំពេញភារកិច្ច សិក្សាស្រាវជ្រាវ ស្វែងយល់បន្តចូលរួមទាំងការគ្រប់គ្រងអភិវឌ្ឍខេត្តព្រះសីហនុ បង្កើត បាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការការពារសុខសន្តិភាព ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ។ រក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្តិភាព បង្កឱកាសការអភិវឌ្ឍរយៈពេលវែង ទាមទារឱ្យមានភាពទាក់ទាញ ផ្តោតលើធនធានធម្មជាតិ តាមតំបន់ឆ្នេរ កោះ សិក្សាបញ្ចៀស ផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត និងត្រៀមរៀបចំត្រៀមបង្ការការខ្វះខាតទឹកស្អាតនៅរដូវប្រាំងនេះជូនប្រជាពលរដ្ឋ ។
លោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុបាន មានប្រសាសន៍ស្វាគមន៍ ចំពោះវត្តមានរបស់លោកអភិបាលរងទាំងពីរ បានមកបំពេញតួនាទីជាអភិបាលរង ខេត្តព្រះសីហនុ ដើម្បីបម្រើប្រជាពលរដ្ឋតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខឱ្យបានល្អប្រសើរ រួមសាមគ្គី ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យ ក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន ត្រៀម លក្ខណៈអប់រំបណ្ដុះបណ្ដាលសមត្ថភាព កសាងធនធានមនុស្សសម្រាប់បន្តវេនក្នុងពេលអនាគត ។
លោក ម៉ាង ស៊ីណេត និងលោកលៀម សុដា បានមាន ប្រសាសន៍ ប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញ និងរាជរដ្ឋាភិបាល ចូលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់កាលទី៦ ដើម្បីកំណើនការងារ ខិតខំបំពេញភារកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងជាសេនាធិការបម្រើសេវារបស់រដ្ឋបាលខេត្ត រក្សាសាមគ្គីភាពផ្ទៃក្នុង និងតាមមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ៕