(ភ្នំពេញ) ៖ បុរសម្នាក់មកញាំការគេ ឃើញនារីម្នាក់ស្អាតស្រវឹងស្រា ដែកបុរសជាសង្សារនាង និងមិត្តភក្តិម្នាក់ទៀតនាំគ្នាជួយគ្រាចេញក្រៅ ស្រាប់តែបុរសជាសង្សារឃើញបុរសនោះបានលួចថតរូបដោយមិនដឹងថាមានបំណងអ្វីនោះទេ ទើបដើរទៅសួរថា “ហេតុអ្វីបងមកថតរូបខ្ញុំ និងសង្សារខ្ញុំចឹង?” ស្រាប់តែបុរសនោះឆ្លើយថា “អ្ហែងងនឹងស្អី គ្រាន់តែថតមិនបានមែន” ក៏ទាស់សម្ដីឈ្លោះប្រកែកគ្នាឡើង កើតមានទំនាស់ប្រតាយប្រតបគ្នារហូតឈានដល់ប្រើហិង្សាដាក់គ្នា។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីប្រយុទ្ធគ្នាមួយប្រាវ បុរសរពិសដៃលួចថតគេនោះ បែកក្បាលហូរឈាមជោគខ្លួន តែត្រូវបានភ្ញៀវដែលចូលរួមក្នុងពិធីនោះជួយគ្នាឃាត់ ហើយក៏មានក្រុមសន្តិសុខមជ្ឈមណ្ឌលម៉ូឌែន២ មកសួរនាំភាគីទាំងសងខាង និងជួយសម្រួលដែរផងដែរ។ បុរសរងដែលលួចថតគេនោះមាន ឈ្មោះ ឈៀក សុភ័ក្រ អាយុ២៩ឆ្នាំ ស្នាក់នៅម្ដុំអូរឫស្សី។
ក្រោយពីសុំអន្តរាគមន៍ពីម្ចាស់ទីតាំង សមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនបុរសទាំង៣នាក់យកទៅសួរនាំ។ ខណៈបុរសបែកក្បាលមានឈាមហូរពេញខ្លួនធ្ងន់គួរសម ទើបសមត្ថកិច្ចឱ្យទៅលាងរបួសសិន នៅមន្ទីរពហុព្យបាលបាយ័ន ដោយក្រុមគ្រូពេទ្យបានលាងរបួស និងដេរក្បាល ចំនួន៥ថ្នេរ។
បុរស២នាក់ ដែលម្នាក់ជាសង្សារនារីរូបស្រស់នោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានសមត្ថកិច្ចសួរនាំដំណើររឿងហេតុម្ដងម្នាក់។ ចំណែកឯបុរសដែលរងរបួស បានត្រឡប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌តាមផ្លូវច្បាប់។
បុរសទាំង២នាក់ ដដែលប្រើហិង្សាលើអ្នកលួចថតនោះ ត្រូវសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នានៅថ្ងៃទី៩ មីនានេះ តាមបណ្ដឹងជនរងគ្រោះករណីបង្កហិង្សា បណ្ដាលឱ្យជនរងគ្រោះរងរបួសបែកក្បាលដេរប្រាំថ្នេរ៕




