(ខេត្តរតនគិរី)៖ គំនរឈើ និងរថយន្តផ្ទុកឈើ ២គ្រឿង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត រឹបអូសយកប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ នៅវេលាម៉ោង២ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។
កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ផាន់ សុផាត មេបញ្ជាការរង ប៉េអឹមខេត្តរតនគិរី ជាប្រធានក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បានរឹបអូសឈើ និងរថយន្តផ្ទុកឈើ២គ្រឿង ជាប្រភេទឈើ កកោះ ជ្រៀកឡាំងបួនជ្រុង និងសន្លឹក ប្រភេទក្ដារងឿ ស្ថិតក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ដែលឈ្មួញត្រៀមដឹកចេញទៅលក់។
បើយោងតាមការឱ្យដឹងពីកម្លាំងអាវុធហត្ថថា មុនឈានដល់ការបង្ក្រាបរឹបអូសនេះ គឺមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចខាងលើមានឈ្មួញ ត្រៀមដឹកឈើចេញទៅលក់ គ្រានោះ លោក ផាន់សុផាត បានដឹកនាំកម្លាំងចុះទៅចំណុចនោះភ្លៀម ក៏ប្រទះឃើញរថយន្តឡង់គ្រិះស័រ ២គ្រឿងផ្ទុកឈើពេញ និងនៅមានគំនរឈើ មួយចំនួន ដែលរៀបចូលរថយន្តមិនអស់ នៅក្បែរនោះ ហើយមិនមានមនុស្សនៅទីនោះទេ។ មន្ត្រីអាវុធហត្ថដដែលបានបន្តថា ប្រហែលជាក្រុមឈ្មួញ ដឹងថាបែកការ ទើបនាំគ្នាគិចខ្លួនបាត់អស់។
បច្ចុប្បន្ន វត្ថុតាងប្រព្រិត្បទល្មើស រថយន្តឡង់គ្រិះស័រ ២គ្រឿង ព្រមទាំងឈើ ត្រូវកម្លាំងអាវុធហត្ថរឹបអូសយកមកដល់ទីបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្ត ហើយប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខណ្ឌរតនគិរី ដើម្បីចាត់ការបន្ត។ ចំណែកចំនួនបរិមាណឈើ នៅមិនទាន់ដឹងនៅឡើយទេ ដោយជំនាញមិនទាន់ធ្វើការវាស់វែង។
ប្រភពច្បាស់ការពីខេត្តរតនគិរី បានឱ្យដឹងថាការណីបង្ក្រាបរថយន្តដឹកឈើប្រណីតខាងលើ អាចបណ្តាលមកពីការចរចារតម្លៃមិនត្រូវគ្នា បានឈានដល់ការបង្ក្រាប ពីព្រោះជំនួញឈើដឹកទៅប្រទេសវៀតណាមតាមច្រកនានាជាពិសេសច្រកអន្តរជាតិអូរយ៉ាដាវនៅតែបង្ហូរចេញទាំងថ្ងៃទាំងយប់មិនមានការបង្ក្រាបឡើយ៕



