អ្នកបើករថយន្តបុករឺម៉កកង់៣ បង្កឱ្យជនបរទេស២បាក់ និងខ្មែរស្លាប់១នាក់ នៅខណ្ឌដូនពេញ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃនេះ
ដោយ Heng  ថ្ងៃទី 3 March, 2019  ម៉ោង 16:58 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ អ្នកបើករថយន្តមួយគ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បុកជនបរទេស២នាក់ និងបុរសជនជាតិខ្មែរម្នាក់ បណ្តាលឱ្យស្លាប់នៅខណ្ឌដូនពេញ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញបញ្ជូនខ្លួនទៅកាន់តុលាការ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។

អ្នកបើករថយន្តដែលបង្កឲ្យមនុស្សស្លាប់ចំនួន៣នាក់ ខាងលើនេះ មានឈ្មោះ ហ៊ែល វណ្ណៈ អាយុ៣០ឆ្នាំ មុខរបរអ្នកនាំភ្ញៀវទៅថៃ មានទីលំនៅភូមិមានលាប សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី បើករថយន្តម៉ាក LEXUS RX-330 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AX-5853។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង២៖៣០នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី២ ខែមីនា​ ឆ្នាំ២០១៩ ត្រង់ចំណុចវិថីព្រះស៊ីសុវត្ថិ ប្រសព្វផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនបង្កបានធ្វើដំណើរតាម បណ្តោយវិថីព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូលចំណែកផ្លូវម្ខាង រួចក៏បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ម៉ាក SUZUKI VIVA ពណ៌ខ្មៅ គ្មានលេខ បណ្តាលឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក់ម្នាក់ និងជនបរទេសដែលជិះលើម៉ូតូរ៉ឺម៉ក់ចំនួន២នាក់ បានស្លាប់ និងម្ចាស់រឺម៉កបានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

របាយការណ៍បានបន្តថា ជនរងគ្រោះដែលបើកម៉ូតូរ៉ឺម៉ក់មានឈ្មោះយឹម ស៊ីផុន អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរប្រាក់ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយឡែកជនបរទេស ទី១ឈ្មោះ HIETA ARTTU JOHANNES អាយុ៣៣ឆ្នាំ ជនជាតិហ្វាំងឡង់ និងទី២-ឈ្មោះ APAJASALMI LASSE MIKAEL អាយុ៣៣ឆ្នាំ ជនជាតិហ្វាំងឡង់។ ជនបរទេសទាំងពីរនាក់ ស្នាក់នៅសណ្ឋាគារអាម៉ឹនីបន្ទប់លេខ៤០៤ ជាន់ទី៤ មានទីតាំងស្ថិតនៅផ្លូវលេខ២៤៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនបង្កក្រោយពីបុកម៉ូតូរ៉ឺម៉ករួចហើយ ក៏ជ្រុលទៅបុកម៉ូតូឈប់ស្ងៀមមួយគ្រឿងទៀត ម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ប-3975 ភព1។

បើតាមរបាយការណ៍ មូលហេតុបណ្តាលឱ្យគ្រោះថ្នាក់ មកពីរថយន្តបើកបរលឿន មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើកបរក្នុងស្ថានស្រវឹងដោយមានអត្រាជាតិអាល់កុល0.91 Mg/L។ សម្រាប់រថយន្តបង្ក និងម៉ូតូទាំង២គ្រឿង ត្រូវបានរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តទៀត៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...