(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើកបើករថយន្តក្នុងល្បឿនលឿន ទៅបុករ៉ឺម៉កកង់បីអូសជាង៥០ម៉ែត្រ បណ្ដាលឱ្យជនជាតិបរទេស២នាក់បានស្លាប់នៅនឹងកន្លែង ចំណែកឯអ្នកបើកម៉ូតូរ៉ឺម៉កស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង២យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៨៤ ចំណុចមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ 2AX-5853 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខព្រះបរមរាជវាំង ស្រាប់តែរថយន្តរេចង្កូតងាកមកខាងឆ្វេងជ្រុលទៅបុករ៉ឺម៉កកង់បីចំពេញមួយទំហឹងអូសជាង៥០ម៉ែត្រ បណ្ដាលឱ្យជនជាតិបរទេស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯអ្នកបើករ៉ឺម៉កស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ នៅពេលនេះសពទាំង៣ នៅមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដនោះទេ។
រីឯអ្នកបើកបររថយន្តបង្កវិញ មិនចេញពីកន្លែងកើតហេតុទេ ដោយស្រវឹងស្ទើឆ្កួត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីធ្វើការសាកសួរនាំផងដែរ។ ដោយឡែកសពទាំង៣ ត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់នៅឯវត្តស្ទឹងមានជ័យ ដើម្បីដើម្បីរង់ចាំសាច់ញាតិមកទទួលយក៕





