(ភ្នំពេញ) ៖ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ដោយសារជិះម៉ូតូទាក់ដៃចង្កូតគ្នារួចដួលខ្ទាតចូលក្រោមកង់រថយន្តសុីទែន ដឹកសុីម៉ង់ត៍កិនចំក្បាកធ្លាយខួរ កាលពីវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សេង សុខសានូ អាយុ៣០ឆ្នាំ មុខរបរ លក់ឡេ ផលិតផល តាមអនឡាញ, មានទីលំនៅ ផ្ទះលេខ៦០អុឺ០ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។ ជនរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1GJ-5787 ។ តាមប្រភពផ្សេងមួយទៀតបានឱ្យដឹងថា មុនកើតហេតនេះ ស្ត្រីជនរងគ្រោះជិះម៉ូតូដឹកផលិតផលឡេយកឱ្យអតិថិជន។ ។
ចំណែករថយន្តបង្កប្រភេទសណ្តោង សុីទែនដឹកសុីម៉ង់ត៍ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A- 9421 ជារថយន្តរបស់ក្រុមហ៊ុន K- Cment ប៉ុន្តែនៅលើកញ្ចក់ខាងមុខរថយន្តមានបិទស្លាក(ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទិក), អ្នកបើកបរឈ្មោះ សំ ប៊ុនថន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិព្រៃគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ,ត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។
ពលរដ្ឋអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា មុនកើតហេតុ ស្រ្តីរងគ្រោះជិះម៉ូតូពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូ មួយគ្រឿងផ្សេងទៀតមិនចាំម៉ាក បើកបរលើផ្លូវបញ្ច្រាសទិសគ្នា បណ្តាលឱ្យដួលខ្ទាតចូលកង់រថយន្តខាងក្រោយ ដែលកំពុងបើកពីស្របទិសគ្នាកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ, អ្នកបើកបរត្រូវបានពលរដ្ឋឃាត់បានភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកទទួលយកសពជនរងគ្រោះ រីឯម៉ូតូ និងរថយន្តរួមទាំងអ្នកបើកបរផង សមត្ថកិច្ចបាបនាំយកទៅការិយាល័យ ចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕








