(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាសាធារណៈថា៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មិនមានការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានជាង ៥០គីឡូក្រាម នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នោះទេ។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារាមមួយចំនួនលើកឡើងថា មានការពាក់ព័ន្ធជាមួយអ្នកឧកញ៉ា គិត ម៉េង និងមនុស្សមួយចំនួន។
នៅក្នុងផេកហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៧ ខែកុម្ភៈ នេះបានសរសេរថា “តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ”។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រឹងក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ ។
សម្តេចក្រឡាហោមបានបន្តថា “បន្ទាប់ពីការបង្ក្រាបដោយជោគជ័យរបស់កងកម្លាំងនគរបាលលើករណីនេះ ក៏បានកើតមានពាក្យចចាមអារាមថា ករណីបទល្មើសគ្រឿងញៀននេះមានការពាក់ព័ន្ធនឹងបុគ្គលផ្សេងៗ ដែលខ្ញុំសូមយកឱកាសនេះជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ”។
សូមរំឭកថា៖ កាលពីកណ្ដាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីព្រះរាជអាជ្ញា និងកម្លាំងជំនាញចម្រុះ បានបើកប្រតិបត្តិការជាទ្រង់ទ្រាយធំឆ្មក់ចូលបង្ក្រាបនៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ុក (Rock) ដោយបានឃាត់ខ្លួនមនុស្សចំនួនជាង ៣០០នាក់ និងជនជាតិចិនចំនួន១៤នាក់ ពាក់ព័ន្ធការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមទាំងដកហូតថ្នាំញៀនជាច្រើនប្រភេទប្រមាណជាង ៥០គីឡូក្រាម។
នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈនេះលោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងប្រាប់បណ្តាញព័ត៌មាន ថា មនុស្សជាង ៣០០នាក់ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ គឺមានអ្នកមិនប្រើប្រាស់ មានចំនួន៧១នាក់ ប្រគល់ទៅឲ្យអាណាព្យាបាលយកទៅវិញ និងអ្នកប្រើប្រាស់ថ្នាំញៀន មានចំនួន២៣៣នាក់៕











