(ខេត្តកំពង់ឆ្នាំង)៖ រថយន្តដឹកកម្មករ១គ្រឿងបើកគេចគោយន្តបានក្រឡាប់ធ្លាក់ប្រឡាយបណ្តាលឱ្យកម្មកររបួស ធ្ងន់ស្រាលចំនួន៣០នាក់ កាលពីវេលាម៉ោង ១៦ និង៣៥ នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចទំនប់ចុងកន្លែង ផ្លូវលំក្រាលក្រួសក្រហម ភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
រថយន្តជួបហេតុកាតណ៍គ្រោះថ្នាក់ចរាចរណ៍នេះម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A -1941 បើកបរដោយឈ្មោះ ច្រឹក ភឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
រថយន្តនោះ ដឹកកម្មករ កម្មការនីចេញពីរោងចក្រឆ្ពោះមកផ្ទះវិញ ដោយបើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ។ ពេលបើកបរមកដល់ចំណុចខាងលើ ក៏គេចពីគោយន្តកន្រ្តៃយ៍ ០១គ្រឿង មិនស្គាល់ម៉ាក បើកបរបញ្ច្រាសទិសគ្នា ភ្លាមនោះអ្នកបើកបររថយន្ត ក៏បានអែបខាងស្ដាំស្រាប់តែដីផ្លូវនោះបានស្រុតកង់រថយន្តខាងស្ដាំ បណ្ដាលឱ្យរថយន្តក្រឡាប់តែម្ដង។
ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។ ករណីក្រឡាប់រថយន្តនេះបណ្តាលឲ្យ រងរបួសមនុស្ស ៣០ នាក់ (ស្រី)របួសធ្ងន់០៥នាក់ (បញ្ជូនទៅពេទ្យកាល់ម៉ែត្រ ០២នាក់) ។ របួសស្រាល ២៣នាក់ (ស្រី) បើកថ្នាំរួច មិនដេកពេទ្យ ត្រទ្បប់ទៅផ្ទះវិញមានចំនួន១១នាក់ (ស្រី)។
បន្ទាប់ពីសមត្ថកិច្ចចុះទៅអន្តរាគមន៍បានអូសយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងដោះស្រាយតាមច្បាប់៕










