ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋ ប្រុងប្រយ័ត្ន ចចំពោះករណីឆ្មាខាំខ្វាច គ្មានវ៉ាក់សាំងការពារទេ
ដោយ Heng  ថ្ងៃទី 15 February, 2019  ម៉ោង 16:35 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌​មានភ្លាមៗ​ ក្រសួង សុខាភិបាល បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខ​ ជូនដល់គ្រួសារសពក្មេងស្រី ដែលបានស្លាប់ដោយសារឆ្មាខាំ​ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅក្នុងភូមិធ្លក​ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានថ្លែងប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា ជំងឺនេះ មិនមែនជាជំងឺថ្មី ជាប្រភេទជំងឺដែលមានតាំងពីយូរណាស់មកហើយ តែវាជាជំងឺកម្រកើតមានណាស់។ វាអាចកើតមាន ក្រោយពីមានឆ្មាខាំជាដើម ហើយជំងឺនេះ ស្រដៀងនិងប្រហាក់ប្រហែលទៅនឹងជំងឺឆ្កែឆ្កួតដែលកើតឡើងដោយឆ្កែខាំ​ តែឆ្មាខ្វាចនេះ វាបង្កឲ្យមានអាការ:រោគភ្លាមៗ​ កើតតាមរយៈមេរោគបាក់តេរី​ ឈ្មោះ​ បាតូណេឡា​ (Bartonella)​ ដែលបង្កឱ្យកើតមានដុំសរសៃឡាំហ្វាទិច (Lymphogranulome)​ ដែលអាចធ្វើឱ្យមានសភាពឆ្ងន់ធ្ងរ និងស្លាប់បាន​។

បេីតាមមន្ត្រីជំនាញរូបនេះ​ គឺបន្ទាប់ពីឆ្មារខាំ​ ពី២ទៅ៣ សប្តាហ៌ក្រោយមក​ មានការហើមកូនកណ្តុរ​ ហើយករណីខ្លះ​ មានក្តៅខ្លួន​ ឈឺក្បាល​ ឈឺសាច់ដុំ​ ស្រកទម្ងន់​ ដំបៅស្បែកធ្លាយចេញមក​ ររលាកសរសៃរដែលធ្វើឱ្យប៉ះពាល់ដល់សរីរាង្គសំខាន់ៗ ពិសេសថ្លើម​ ជួនកាលមានរលាកភ្នែក​ ហើយករណីធ្ងន់ធ្ងរនឹងស្លាប់ដោយសាររលាកខួរក្បាលឬរលាកបេះដូងជាដើម។ ដូច្នេះ​ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាមានការប្រុងប្រយ័ត្ន ចំពោះសត្វឆ្កែ និងឆ្មា​ ជាពិសេសអ្នកដែលមានចិញ្ចឹមឆ្កែ​ ឬឆ្មា កុំឱ្យមានករណីដូចខាងលើនេះ ដោយកុំឱ្យកូនចៅ ប៉ះពាល់ជាមួយសត្វផ្ដេសផ្ដាស ។

លោកស្រីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងបន្ដទៀតថា «ខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្ដទុកដាក់ការអនុវត្ដអនាម័យស្អាត ល្អ ក្នុងកន្លែងរស់នៅ លាថសម្អាតដៃនឹងសាប៊ូ​ ក្រោយពេលប៉ះពាល់សត្វទាំងនេះ​ ចៀសវាងការប៉ះពាល់ ឬលេងជាមួយសត្វឆ្កែ ឬឆ្មា ដែលវាអាចខាំ​ ឬខ្វាច ឬលិឍកន្លែងដំបៅដែលមាន ហើយបើមានបញ្ហាសត្វទាំងនេះខាំវិញ សូមប្រញាប់ទៅពិគ្រោះស្ថានភាពជំងឺ​ ឬស្ថានភាពសត្វខាំជាមួយគ្រូពេទ្យឱ្យបានលឿន កុំទុកយូរ ដែលវានឹងបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិត»។

ជាពិសេស «មិនមានវ៉ាក់សាំងការពារជំងឺដុំសរសៃរឡាំហ្វាទិចនោះឡើយ​» តែក្រសួងសូមណែនាំ ដើម្បីការពារជំងឺឆ្កែឆ្កួត​ និងជំងឺតេតាណុស ដែលអាចកើតមានចំពោះកុមារា-កុមារី ក្រៅពីអាចមានជំងឺដូចបានជម្រាបជូនខាង​លើ។ សូមមានការប្រុងប្រយ័ត្ន នូវជំងឺឆ្កែឆ្កួត និងជំងឺតេតាណុស ក្រោយពីឆ្កែខាំ ឬឆ្មាខ្វាចភ្លាមៗ សូមទៅចាក់វ៉ាក់សាំងឆ្កែឆ្កួត​ និងវ៉ាក់សាំងតេតាណុស​ ឱ្យបានគ្រប់ចំនួនដូស។

ជាងនេះទៅទៀត លោកស្រីវេជ្ជបណ្ឌិត បន្ដថា «ជំងឺនេះមិនមែនជាជំងឺឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ គឺជាជំងឺដែលកើតមានដោយកម្រ ហើយបើមានករណីឆ្មាខ្វាចសូមសម្អាតកន្លែងឆ្មាខ្វាចហ្នឹង ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ដ្រឱ្យបានត្រឹមត្រូវ ជៀសវាងទុកដំបៅស្នាមឆ្មាខ្វាចទុកចោលយូរ​ កាលណាទុកចោលយូរ វានឹងចម្លងរោគហ្នឹងកាន់តែខ្លាំងឡើង។ ពេលត្រូវសត្វខាំឫខ្វាច​ យើងត្រូវទៅជួបជាមួយលោកគ្រូពេទ្យភ្លាម ហើយជៀសវាងប៉ះពាល់សត្វឆ្មា ស្លាប់ឬរស់​ ដោយមិនបានលាងដៃនឹងសាប៊ូ ឲ្យបានស្អាត ជៀសវាងការចម្លងមេរោគពីសត្វមកមនុស្ស ហើយស្វែងរកការព្យាបាលត្រឹមត្រូវ​ ។ម្យ៉ាងទៀតកាលណាទុកយូរ ធ្វើឲ្យមានអាការ:ធ្ងន់ធ្ងរ​និងស្លាប់បាន ហេតុដូចនេះហើយ ការអនុវត្ដន៍វិធានការ ការពារវាជាការល្អប្រសើរបំផុត។​

សូមជម្រាបថា ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយៈពេលជាងបីខែមកនេះ ហើយក្មេងស្រីបានស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ស្ថិតក្នុងភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខណៈកំពុងបញ្ជូនមកស្រុកកំណើតវិញ។

បើតាមម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់ជំងឺធ្វើទុក្ខខ្លាំង និងបាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ។ ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងកូនរបស់គាត់ បានបាត់បង់ជីវិតចោលឪពុក-ម្តាយ ធ្វើឲ្យរូបគាត់មិនអស់ចិត្តសោះមិនគួរណា ស្លាប់ទាំងវ័យក្មេងបែបនេះ ។

កូនស្រីរបស់គាត់ត្រូវបានឆ្មាខាំ តាំងពីដើមខែធ្នូ ឆ្នាំ២០១៨មកម្លេះ ប៉ុន្តែពួកគេមិនបានយកមកចាក់ថ្នាំការពារ នៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ។ ដោយអាការៈកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាម ក៏បានប្រាប់ថាគ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ តែជាការសោកស្តាយមិនអាចជួយសង្រ្គោះជាតិជីវិតបានទេ៕ fn

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...