(ភ្នំពេញ)៖ យុវជនដែលជាភេទទី៣ ដែលដាក់ឈ្មោះក្នុងបណ្ដាញសង្គម Facebook «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ករណីឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីបានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរ មរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឱ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោស។
ថ្លែងប្រាប់បណ្តាញព័ត៌មានលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថានៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខ្លួនយុវជនភេទទី៣រូបនេះ ត្រូវបានបញ្ជាឱ្យឃាត់ខ្លួនផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។
ខលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា
យុវជនដែលជាភេទទី៣ ដែលដាក់ឈ្មោះក្នុងបណ្ដាញសង្គម Facebook «ចំប៉ីខ្មៅ» ឈ្មោះ យិន ហេងកើតនៅឆ្នាំ១៩៩៦ ដែលបានធ្វើការបង្ហោះ ជាសាធារណៈដោយបានជេរប្រមាថមកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ ហើយក្រោយឃាត់ខ្លួនពេលនេះ ជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាន ប្រគល់ជូនកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដសួរនាំ និងចាត់ការនីតិវិធីច្បាប់ជាធរមាន ៕



