(ភ្នំពេញ)៖ ករណីម្ចាស់ហាងកែប្រដាប់ភេទ ជម្រិតយកតម្លៃខ្ពស់ពីអតិថិជន រហូតដល់មានការប្តឹងទៅតុលាការ ហើយឃាត់ខ្លួនម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» គឺលោកស្រី ហូវ ដាដាណេ រហូតមានការឃាត់ខ្លួនមួយដង្ហើមចង្រិត ហើយត្រូវបានដោះលែងវិញនោះ ឥឡូវនេះ ករណីករណីជម្លោះនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសម្រុះសម្រួលជាប្រាក់ដើម្បីបញ្ចប់រឿង។
តាមប្រភពច្បាស់ការណ៍ឱ្យដឹងថា ម្ចាស់ហាងកែសម្ផស្សនោះ បាននៅក្រៅឃុំ ហើយកំពុងរកនីតិវិធីចរចារសម្រុះសម្រួលបញ្ចប់រឿងរវាងភាគីម្ចាស់ហាង និងភាគីដើមបណ្តឹង ដែលជាភរិយារបស់មេអាវុធហត្ថខេត្តមួយ ដែលបានឱ្យហាងនោះ កែសម្រួលប្រដាប់ភេទល្អនោះ។
សូមរំឭកថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសួរនាំម្ចាស់ហាងកែសម្ផស្ស (ឌែម៉ូគ្លីនិក) លោកស្រី ហូវ ដាណេ អស់ជាច្រើនម៉ោង ក្រោយមក ក៏មានការចាប់ឃាត់ខ្លួន ហើយបញ្ជូនស្ត្រីម្ចាស់ហាងកែសម្ផស្សនោះ ទៅតុលាការ តាមបណ្តឹងចោទប្រកាន់ថា ស្ត្រីម្ចាស់ហាងនោះ បានថតរូបរបស់អតិថិជន ចូលកែសម្ផស្ស ជាថ្នូរជម្រិតទារប្រាក់។ តុលាការក៏បានចោទប្រកាន់ និងសម្រេចឃុំខ្លួនស្ត្រីម្ចាស់ហាងនោះរង់ចាំការស៊ើបអង្កេត។
ប្រភពឱ្យដឹងថា ស្ត្រីកែប្រដាប់ភេទដែលជាភរិយាមេអាវុធហត្ថខេត្តនោះ មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែនៅបារម្ភពីសុខភាពខ្លាចថា មានប្រតិកម្មថ្នាំ។ អ្នកឯកទេសបាននិយាយថា បើបារម្ភពីប្រតិកម្មថ្នាំ គេអាចឱ្យពេទ្យជំនាញឯកទេស ពិនិត្យលើប្រតិកម្មថ្នាំ ដើម្បីបំភ្លឺ និងបំបាត់ការភិតភ័យព្រួយបារម្ភ។
តាមប្រភពឱ្យដឹងថា៖ ថៅកែហាង គឺមិនមែនជាអ្នកកែប្រដាប់ភេទដោយផ្ទាល់ដៃទេ។ អ្នកឯកទេសកែសម្ផស្សទេ ដែលបានកែសម្រួលប្រដាប់ភេទ ទៅតាមការសំណូមពររបស់អតិថិជន។ ក៏ប៉ុន្តែ ទំនាស់នេះបានរីកធំដោយសារខុសតម្លៃគ្នាដែលដំបូងឡើយប្រាប់ថា តម្លៃកែគឺ៧០០$។ លុះដល់ចាក់ថ្នាំពង្រីកលំអអស់ច្រើន ក៏បានតម្លើងតម្លៃសេវា ទៅតាមបរិមាណថ្នាំ ស្ទីមសែល ដែលបានប្រើ។ ស្ត្រីកែប្រដាប់ភេទ មិនសុខចិត្តបង់តាមតម្លៃ ដែលដំឡើងនោះទេ តែយល់ព្រមសុំបង់ត្រឹម២០០០$។
ភាគីទាំងពីរ មិនព្រមលើតម្លៃនោះទេ ក៏កើតជាបញ្ហាជម្លោះពាក្យសម្តីថា៖ «បើមិនព្រម នឹងនិយាយថា ហាងកោរថ្លៃ។ ហើយម្ខាងទៀតថា បើហ៊ានតែបរិហាហាង នឹងបង្ហោះវីដេអូ ពេលកែភេទ»។ បន្តមកទៀតក៏ក្លាយទៅជាការប្តឹងផ្តល់ទៅតុលាការ៕