(ខេត្តពោធិ៍សាត់)៖ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចស្ទឹងប៉ាចហាច ក្បែជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបករណីជំនួញឈើខុស ដោយដកហូតឈើប្រភេទប្រណីតធ្នង់ចំនួន ៧៧កំណាត់ ស្មើនឹងចំនួន ០,៩៨១ម៉ែត្រត្រីគុណ ជញ្ជីងសម្រាប់ថឹងឈើចំនួន ១គ្រឿង ឈើអារប្រភេទរាជកុលចំនួន ២៦កំណាត់ និងឈើអារប្រភេទឈើទាលចំនួន ១២៥កំណាត់។
ប្រភពខាងលើបន្តទៀតថា ជាលទ្ធផល៖ ឈើដែលបានដកហូតទាំងចំនួន ៣ប្រភេទនោះពុំទាន់ដឹងចំនួនម៉ែត្រីគុណនៅឡើយនោះទេ ប៉ុន្តែបានប្រគល់ទទួលទៅឱ្យមន្ត្រីបរិស្ថាន ឧទ្យានជាតិជួរភ្នំក្រវាញភាគកណ្ដាល។ ដោយឡែកអ្នកពាក់ព័ន្ធកាប់ឈើ ដឹកជញ្ជូនឈើ និងថៅកែឈើ គេមិនទាន់ដឹងថា សមត្ថកិច្ចបន្តនីតិវិធីចាប់ខ្លួនដែរឬយ៉ាងណានោះទេ ។ បើតាមប្រភពមួយបង្ហើបថា អ្នកពាក់ព័ប្ធនឹងបទល្មើសឈើនេះសមត្ថកិច្ចស្គាល់ច្បាស់ដូចបាតដៃ ហើយបើមិនចាប់ដាក់ទោសទេពួកគេនឹងបន្តការាប់បំផ្លាញឈើឡើងវិញទៀតជាក់ជាមិនខាន៕





