ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី យោធាម្នាក់ ជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿន ទៅបុករថយន្តហុីយ៉ាន់ដាយ កំពុងបត់ឆ្លងផ្លូវត្រូវចំពីចហៀងពេញទំហឹង បណ្ដាលឱ្យបោកក្បាលនឹងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែង កាលវេលាវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ម៉ន ឡុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ (យោធា) មានឋានៈថ្នាក់ឧត្តមសេនីយ៍ត្រី កងឯកភាព សេនាធិការដ្ឋានកងអន្តរាគមន៍ អគ្គបញ្ជាការ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-7033 ។ ចំណែក តៃកុងឡានមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ដោយបើករថយន្តម៉ាក់ HYUNDAI ពណ៌ទឹកប្រាក់ ឆ្នូតក្រហមលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1851 ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្ត ម៉ាក់HYUNDAI ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវបំរុងចូលរោងចក្រ តែដោយសាររោងចក្របិតទ្វា រថយន្តខាងលើក៏រយ៉ែថយក្រោយវិញ ស្របពេលជនរងគ្រោះជិះម៉ូតូម្នាក់ឯងយ៉ាងលឿង ទិសដៅពីត្បូងមកជើង ហើយបុករថយន្ត ម៉ាក់ HYUNDAI ពីចំហៀងកន្ទុយក្រោយពេញទំហឹង បណ្ដាលឱ្យបុរសរងគ្រោះខាងលើបោកក្បាល ផុងលលាដ៍ ស្លាប់ភ្លាមៗនៅនិងកន្លែង។
ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្ត បានចុះគេចខ្លួនបាត់ទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕





