ខេត្តកំពង់ឆ្នាំង៖ កុមារា២នាក់ម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យស្រុក ខណះពួកគេកំពុងជិះកង់លើផ្លូវជាតិឌុបគ្នាមកពីសាលារៀន ត្រូវរថយន្តបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៤និង១០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៦ និង១២៧ត្រង់ចំណុចភូមិស្វាយព្រៃ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បានអោយដឹងថា៖ រថយន្តបង្កហេតុ ម៉ាកធុនត្រា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ២Q ៤១១១ បើកបរដោយជនមិនស្គាល់ឈ្មោះបើកបរក្នុងយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏បានបុកកុមារាជាសិស្សសាលាទាំងនាក់ដែលជិះកង់ឌុបគ្នា ក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្ត នៅពេលដែលក្មេងជិះកង់បត់ឆ្វេងឆ្លងកាត់ទ្រូងផ្លូវ បណ្តាលអោយកុមារាម្នាក់ស្លាប់នៅកន្លែងកើតហេតុនិង ម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថា៖កុមារារងគ្រោះទាំងពីរនាក់ខាងលើឈ្មោះ ១. ខុន សុវណ្ណរិទ្ធ អាយុ៩ឆ្នាំ ២.អ៊ុក ស៊ីការ អាយុ៦ឆ្នាំ គេទាំង២នាក់រស់នៅក្នុងភូមិចក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ ដោយឡែកសាកសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន ។ ដោយឡែករថយន្តបង្ក និងកង់កុមារាររងគ្រោះ ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកបរិបូណ៌ នាំយកមករក្សាទុកនៅអធិការនគបាលស្រុកបរិបូរណ៍រង់ចាំកសាងសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់ ។
ប្រភពពីប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា៖ រថយន្តដែលបុកកុមារារជាសិស្សសាលាទាំង២នាក់ស្លាប់ខាងលើនេះ ជារបស់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ រស់នៅក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវអោយមកទទួលខុសត្រូវក្នុងគ្រោះថ្នាក់ខាងលើនេះ ៕ រឹទ្ធិ ជ័យ






