• អភិបាលរងរាជធានីភ្នំពេញ ៣រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការនៅរសៀលនេះ
    ដោយ Heng  ថ្ងៃទី 17 August, 2022  ម៉ោង 17:08 | ព័ត៌មាន​ជាតិ

    (ភ្នំពេញ)៖ អភិបាលរង រាជធានីភ្នំពេញ ចំនួន ៣រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះហើយ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានី។

    អភិបាលរងរាជធានីភ្នំពេញចំនួន ៣ រូប ដែលត្រូវប្រកាសចូលកាន់តំណែងនេះ រួមមាន៖ ១-លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វា មកជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, ២-លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករងអន្តោរប្រវេសន៍ ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានណែនាំឱ្យអភិបាលរងរាជធានីភ្នំពេញទាំង ៣ រូប ដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឱ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល។ អនុវត្តការងារដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

    គួរបញ្ជាក់ថា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកនេះមានចំនួន ៦ រូប ក្នុងនោះរួមមាន៖ លោក កើត ឆែ លោក មាន ចាន់យ៉ាដា លោក ហួត ហៃ លោកស្រី កែវ សុខពិសី លោក ស៊ុយ សេរិទ្ធ និងលោក នួន ផារ័ត្ន។ ប៉ុន្តែពេលនេះត្រូវបានបន្ថែមឱ្យមកកាន់តួនាទីនេះចំនួន ៣ រូបបន្ថែមទៀត សរុប៩រូប៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...