• ម៉ូតូ ២គ្រឿងបើកបរផ្ទុយទិសកៀរគ្នាដួល រថយន្តធំមកពីក្រោយកាន់ស្ត្រីម្នាក់ស្លាប់ភ្លាមៗ និងរបួសធ្ងន់ស្រាល ៣នាក់!
    ដោយ Heng  ថ្ងៃទី 3 August, 2022  ម៉ោង 10:44 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្តាលឱ្យដួល ត្រូវរថយន្តធុនធំបុក ហើយកិនអូសជាច្រើនម៉ែត្រ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីព្រឹកថ្ងៃពុធទី៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវុបត់ចូលទីលានចាក់សំរាមចាស់ស្ទឹងមានជ័យ ដែលសម្បូរដោយឃ្លាំងស្តុកទំនិញ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់នោះមានឈ្មោះ ពុំ សារឹម អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងស្ត្រីម្នាក់ទៀតរងរបួសស្រាលជាអ្នកឌុប ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1L-6998 ។ ចំណែកឯភាគីម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HM-2915 ជិះដោយបុរសពីរនាក់បានរងរបួសធ្ងន់ ហើយដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

    ប្រភពដដែកបានឱ្យដឹងទៀតថា ម៉ូតូម៉ាកហុងដា ឃ្លីកមួយគ្រឿងជិះដោយបុរស២នាក់ឌុបគ្នាតាមបណ្ដោយផ្លូវលេខ២១៧ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានកៀរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ជិះដោយស្ត្រី២នាក់តាមបណ្ដោយផ្លូវលេខ២១៧ពីត្បូងទៅជើងបណ្ដាលឱ្យដួលទាំងសងខាង ស្របពេលនោះក៏មានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3805 បើកបរដោយបុរសម្នាក់មកពីក្រោយ រួចកិនស្ត្រីម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងកិនម៉ូតូម៉ាកឃ្លីកអូសជាច្រើនម៉ែត្រដែលធ្វើឱ្យបុរសពីរនាក់រងរបួសធ្ងន់ថែមទៀត ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុបានបើករថយន្តបន្តទៅដល់មុខការាសសាំងតេលាប្រមាណ១០០ម៉ែត្រទើបឈប់ទុករថយន្តចោល ហើយអ្នកបើកបរបានបើកទ្វារចុះរត់គឹចបាត់។

    សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...