• លោក ទុំ ណូ ផ្ទេរពីខេត្តព្រះសីហនុមកជាប្រធានថ្មីសាខាគយខេត្តកោះកុង ប្ដេជ្ញាចិត្តជាមួយនឹងមន្ត្រីថ្នាក់ក្រោមខិតខំប្រមូលពន្ធ និងទប់ស្កាត់អំពើគេចពន្ធ
    ដោយ Heng  ថ្ងៃទី 25 July, 2022  ម៉ោង 16:43 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានឲ្យដឹងក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង រសៀលថ្ងៃទី ១២ ខែកក្កដាថា តបនឹងការឯកភាពសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល អនុវត្តឲ្យម្ចាស់រថយន្តចង្កូតស្តាំ បន្តចូលមកបង់ពន្ធជូនរដ្ឋ លោក ទុំ ណូ ដែលប្រធានថ្មីសាខាគយខេត្តកោះកុង ត្រូវបន្តបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋម្ចាស់រថយន្តទាំងនោះ ដោយផ្តល់សេវាឲ្យល្អត្រឹមត្រូវតាមច្បាប់។

    លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មើលឃើញថា លោក ទុំ ណូ មានបទពិសោធន៍ចំណេះដឹងច្រើនណាស់ហើយ ដែលបានបម្រើការងារនៅខេត្តប៉ៃលិន និងខេត្តព្រះសីហនុ មុននឹងផ្ទេរមកខេត្តកោះកុង ដោយបង្កើនការទប់ស្កាត់ ឬបង្រ្កាបការនាំចូលរថយន្តចង្កូតស្តាំមកពីប្រទេសជិត តាមច្រកព្រំដែនគោក ក៏ដូចជាព្រំដែនទឹក។

    ចំពោះស្វែងរកចំណូលបង់ពន្ធអាករ ជូនជាតិទៅតាមផែនការដាក់ចេញ លោក ផា អេងវ៉េង ស្នើឲ្យមេគយខេត្តកោះកុង ពង្រឹងសមត្ថភាពគៀងគរឲ្យបានតាមផែនការកំណត់ ចៀសវាងថមថយថវិកាចំណូ​លជាតិ ដែលបានមកពីការងាររបស់គយ និងរដ្ឋាករ។ ជាពិសេស ត្រូវមានសហការជាមួយស្ថាប័ន​តុលាការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលការងាររលូនល្អប្រសើរ។

    លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់លោក សំ កុសល អតីតប្រធានគយខេត្តដែលយកចិត្តទុកដាក់ខ្ពស់ សម្រេចបានលទ្ធផលការងារប្រមូលចំណូលជូនជាតិ និងបង្រ្កាបទប់ស្កាត់ទំនិញគេចពន្ធគ្រប់ប្រភេទ ហើយស្វាគមន៍ការតែងតាំងផ្ទេរលោក ទុំ ណូ ប្រធានថ្មីសាខាគយ និងរដ្ឋាករខេត្តកោះកុង។

    លោកស្រីអភិបាលខេត្តកោះកុង រំពឹងថា ប្រធានថ្មីសាខាគយ បន្តអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព សាមគ្គីភាព និងប្រសិទ្ធភាព ក្នុងន័យសម្រេចបានផែនការរកចំណូលជូនជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំពោះទំនិញគេចពន្ធ គប្បីបង្រ្កាបឲ្យខាតបាន។

    ដោយឡែកលោក ទុំ ណូ ប្រធានថ្មីសាខាគយ និងរដ្ឋាករខេត្តកោះកុង អះអាងថា ខ្លួន និងក្រុមមន្រ្តីជំនាញក្រោមឱវាទ ទទួលអនុវត្ត និងខិតខំគៀងគររកចំណូលជូនជាតិតាមកំណត់ ហើយតាមដានបង្រ្កាបបទល្មើសគេចពន្ធផ្សេងៗ។

    លោក ទុំ ណូ បន្ថែមថា លោកនឹងខិតខំ ចំពោះការផ្តល់សេវារដ្ឋបាលដល់ក្រុមរថយន្តចង្កូតស្ដាំ ឲ្យបង់ពន្ធត្រឹមត្រូវតាមច្បាប់ ក្នុងន័យបង្កើនទំនុកចិត្តពីពលរដ្ឋម្ចាស់រថយន្ត ដែលមិនទាន់មកបំពេញកាតព្វកិច្ច អំឡុងពេល ៣ខែខាងមុខ ក្រោយរាជរដ្ឋាភិបាលឯកភាពសម្រេចដាក់ឲ្យអនុវត្ត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...