• ក្រុមចោរជិះម៉ូតូ ៣គ្រឿងកៀរគាបម៉ូតូនារីនិស្សិតច្បាប់ម្នាក់ឆក់យកកាបូបនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ!
    ដោយ Heng  ថ្ងៃទី 8 June, 2022  ម៉ោង 10:19 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ជនសង្ស័យមួយក្រុមម៉ូតូ៣គ្រឿងធ្វើសកម្មភាពជិះកៀរគាបនារីជានិស្សិតសាលាច្បាប់កំពុងជិះម៉ូតូត្រឡប់ទៅផ្ទះម្នាក់ឯង យកកាបូបស្ពាយបានសម្រេច ព្រមទាំងដកយកសោរម៉ូតូនាងយកទៅផង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនរងគ្រោះ​មាន​ឈ្មោះ​ នឿន​ សៀងលី​ ភេទស្រី​ អាយុ​ ២១ឆ្នាំ​​ មុខ​របបនិស្សិត​ច្បាប់​ ស្នាក់នៅ​ បន្ទប់​ជួល​ម្តុំ​ផ្សារដី​ថ្មី​ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ និងមាន​ស្រុក​កំណើត​ ភូមិ​ទន្លេ​ជ្រៃ​ ឃុំ​កញ្ចង់​ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង ។ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR-5779 ។

    តាមសម្ដីនារីរងគ្រោះបានរៀបរាប់ទាំងអួលដើមក ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីសាលារៀននៅម្ដុំបឹងត្របែក បំណងទៅផ្ទះជួលវិញនៅម្ដុំផ្សារដីថ្មីខណ្ឌមានជ័យ ខណៈធ្វើដំណើរហួសក្រោមស្ពានអាកាសស្ទឹងមានជ័យបានប្រហែល៣០ម៉ែត្រ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿងក្នុងនោះមានម៉ូតូ២គ្រឿងបានជិះមកកៀររូបនាងឲ្យអែមខាងហើយទាញយកកាបូបស្ពាយ និងម៉ូតូ១គ្រឿងទៀតដកយកកូនសោរម៉ូតូរួចជិះទៅបាត់ដោយសុវត្តិភាព។ បើទោះបីរូបគាត់ស្រែកឲ្យគេឯងជួយក៏តាមមិនទាន់ដែរ ដោយនាងត្រឹមឈរសម្រក់ទឹកភ្នែកសោកស្ដាយលុយកាក់និងរបស់របរក្នុងកាបូបតែប៉ុណ្ណោះ ។

    នារីរងគ្រោះក៏បានបញ្ចាក់ថា ក្នុងកាបូបស្ពាយរបស់គាត់ មានលុយដូល្លារ២០០ ,លុយខ្មែរ២០មុឺនរៀល ,កាតធានាគារ ,កាតគ្រីម៉ូតូ ,អត្តសញ្ញាណប័ណ្ណ ,និងសម្ភារៈសិក្សាមួយចំនួនទៀត ។

    ក្រោយកើតហេតុ នារីរងគ្រោះបានទាក់ទងទៅមិត្តភ័ក្ត និងបងប្អូនឲ្យមកទទួល និងជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយតាមរក និងកំណត់មុខសញ្ញាក្រុមចោរទាំងនោះ ។

    សូមរំលឹកថា ករណីនេះក៏មានប្រជាពលរដ្ឋជាច្រើនបានសូមណូមពរដល់អាជ្ញារធរមានសមត្ថកិច្ច មេត្តាពង្រឹងសន្តិសុខ ការពារកុំឲ្យមានបទល្មើសកើតឡើងនៅម្ដុំស្ពានអាកាសស្ទឹងមានជ័យនេះ ព្រោះកន្លងមកមានប្រជាពលរដ្ឋរងគ្រោះមិនតិចទេដែលត្រូវក្រុមចោរទាំងនោះធ្វើសកម្មភាពឆក់ ឬប្លន់ ទ្រព្យសម្បត្តិ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...