
(ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់ និងពីរនាក់ទៀតរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូឌុបគ្នាចេញពីការដ្ឋានសំណង់មួយកន្លែងជ្រុលទៅបុក របាំងថ្មចែកទ្រូងផ្លូវ កាលពីវេលាម៉ោងជាង ៩យប់ថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២នៅចំណុចផ្លូវបេតុងថ្មី ក្នុងភូមិព្រែករាំង សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
សពជនរងគ្រោះឈ្មោះ ជីម សុធន់ អាយុ២០ឆ្នាំ មាន មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅម្តុំព្រែកព្នៅ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលនៅក្បែរ កន្លែងកើតហេតុបានដឹងថាដំបូងឡើយគេឃើញយុវជនបីនាក់ ជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IW-8946 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងថ្មី ក្នុងទិសដៅពីត្បូងទៅជើង ដោយចេញពីការដ្ឋាន សំណង់មួយកន្លែងក្នុងល្បឿនលឿន រួចក៏បានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវដួលអូសជាច្រើនម៉ែត្របណ្ដាលឲ្យអ្នកបើកបរដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ចំណែកឯអ្នកជិះពីក្រោយពីនាក់រងរបួសធ្ងន់។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ៕