
(ភ្នំពេញ)៖ សិស្សសាលាជម្ពូវ័នចំនួនបីនាក់ប្រដាប់ដោយកាំបិត និងពូថៅបានដេញកាប់គ្នាយ៉ាងអនាធិបតេយ្យក្នុងសាលារៀន កាលពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងសាលារៀនបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សិស្សសាលាទាំងពីរក្រុម ដោយម្ខាងជាសិស្សនៅវិទ្យាល័យហ៊ុន សែនជម្ពូវ័ន និងម្ខាងទៀតជាសិស្សរៀននៅសាលាបឋមសិក្សាជម្ពូវ័ន។សិស្សសាលាទាំងពីរក្រុមប្រដាប់ដោយកាំបិត និងពូថៅដេញកាប់គ្នាបង្កការភ្ញាក់ផ្អើល ហើយភ្លាមៗនោះត្រូវបានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនបានចំនួនបីនាក់ដកហូតកាំបិតចំនួនពីរដើមនិងពូថៅមួយយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចភាគីទាំងសងខាងបានសារភាពថា ពួកគេមានទំនាស់គ្នាព្រោះតែដណ្តើមសង្សារគ្នា។ ក្រោយសួរនាំរួច សមត្ថកិច្ចបានហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពទាំងនេះ រួចឱ្យធានាយកទៅអបអប់រំ៕