• ដាច់ជណ្ដើរយោងធ្លាក់ពីជាន់ទី១៥ នៅការដ្ឋានកំពុងសាងសង់ក្នុងក្រុងព្រះសីហនុ បណ្ដាលឲ្យកម្មករ៤នាក់ស្លាប់ របួស១នាក់
    ដោយ Heng  ថ្ងៃទី 20 May, 2022  ម៉ោង 10:01 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ កម្មករសំណងចំនួន៤នាក់ បានស្លាប់ក្នុងករណីដាច់ជណ្ដើរយោងធ្លាក់ពីជាន់ទី១៥ នៅការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

    ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មាននៅព្រឹកនេះឲ្យដឹងថា ករណីដាច់ធ្លាក់ជណ្ដើរយោងនៅជាន់ទី១៥នេះ បានបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះ៣នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈម្នាក់ផ្សេងទៀតរងរបួស។

    បើតាមលោកឧត្តមសេនីយ៍ស្នងការ មនុស្សទាំង៤នាក់ ដែលស្លាប់រួមមាន៖ ទី១-ឈ្មោះ វល្ល៌ អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣, ទី២-ឈ្មោះ នូ សុីនួន អាយុ៣៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣, ទី៣- ឈ្មោះ រ៉ាន ភាស់ អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ, ទី៤-ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។ ខណៈអ្នករបួសដែលកំពុងសង្គ្រោះឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

    បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ន នៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...