• ផ្ទុះធុងហ្គាសឆាបឆេះផ្ទះស្លាប់ម្ចាស់ផ្ទះនៅស្រុកកំពង់រោទ៍
    ដោយ Heng  ថ្ងៃទី 25 April, 2022  ម៉ោង 09:42 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នងគ្មានសល់ បណ្ដាលឱ្យម្ចាស់ផ្ទះស្លាប់នៅក្នុងភ្លើង ជាមួយគ្នានោះម៉ូតូសណ្តោងរុឺម៉កព្រមទាំងសម្ភារធុងហ្គាសជាច្រើនរងការខូចខាតដែលបង្កឡើងដោយការផ្ទុះធុងហ្គាស។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍។

    សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសោម ចិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបញ្ចូល និងដូរហ្គាស មានទីលំនៅកន្លែងកើតហេតុខាងលើ។

    ចំពោះផ្ទះដែលរងការឆាបឆេះមានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានខូចខាតអស់ទាំងស្រុង។ ចំណែកសម្ភារមានម៉ូតូ និងរុឺម៉កសណ្តោងចំនួនមួយគ្រឿង, ហ្គាសធុងធំចំនួន១១ធុង, ហ្គាសកំប៉ុងតូចចំនួន៨០កំប៉ុងនិងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។

    អ្នកភូមិបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើនេះមានមុខរបរបញ្ចូល និងដូរហ្គាសជាច្រើនឆ្នាំមកហើយ ពេលកើតហេតុគាត់កំពុងដេកលង់លក់ជាមួយគ្រួសារស្រាប់តែឮសូរសំឡេងផ្ទុះបង្កជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាងចេញមកមើល និងដងទឹកជះពន្លត់ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយធ្វើអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំខ្លាំងទៅហើយគឺមិនអាចពន្លត់បានទេ។

    បច្ចុប្បន្នសពម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចរកឃើញក្នុងភ្នក់ភ្លើងស្លាប់គួរឱ្យសង្វេគ និងបានប្រគល់ឱ្យក្រុមគ្រួសារ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...