
(ភ្នំពេញ) ៖ រថយន្តកុងតឺន័រ១គ្រឿងបោះពួយលឿនរេទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង៤ និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ទល់មុខផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពកន្លែងកើតហេតុឲ្យដឹងថា គេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ3F-7537 បើកបរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនហើយរេចង្កូតទៅបុករះរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់ជាច្រើនកង់ ចំណែកឯរថយន្តរងការខូចខាតមួយកំណាត់មុខតែសំណាងល្អមិនមាននណាម្នាក់ រងរបួសនោះទេ។
ក្រោយពីជួបហេតុការណ៍អ្នកបើកបររថយន្តក៏បានបើកទ្វាររថយន្តចុះចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុករថយន្តនៅកណ្ដាលផ្លូវ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍រាជធានីភ្នំពេញចុះមកវាស់វែង យករថយន្តមកស្ទូចយករថយន្តបង្កទៅរក្សាទុក ៕