• ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន មន្ត្រីនគរបាល២នាក់ ត្រូវជនល្មើសបាញ់ស្លាប់ និងរបួសម្នាក់ , ជនដៃដល់ និងបក្ខពួកមួយចំនួនត្រូវចាប់ខ្លួន
    ដោយ Heng  ថ្ងៃទី 22 April, 2022  ម៉ោង 10:01 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ប្រហារ ហើយម្នាក់ទៀតរបួសធ្ងន់។

    ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់ថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖ ទី១- ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល, ទី២- ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។
    ករណីនេះ មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ។

    ក្រោយពីកើតហេតុការណ៍នេះ នាយឧត្តមសេនីយ៍ នេត សាវឿន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពមន្រ្តីនគរបាលខេត្តកណ្តាល ២រូប ដែលស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន។

    នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពមន្រ្តីនគរបាល២រូប នៅក្នុងខេត្តកណ្តាល ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ។

    នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុក និងវាយតម្លៃពីវីរភាពក្លាហានរបស់មន្រ្តីនគរបាលទាំង២រូប ដែលបានបូជាជីវិតដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសគឺបានចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន តាមមូលដ្ឋានជាកង្វល់យ៉ាងធំមួយរបស់រាជរដ្ឋាភិបាល រហូតបាត់បង់ជីវិតយ៉ាងដូច្នេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏សូមចូលរួមសោកស្តាយចំពោះមន្រ្តីនគរបាលដែលរងរបួសដោយសារក្រុមជនល្មើសបាញ់ និងសូមជូនពរឲ្យជាបានឆាប់។

    សូមបញ្ជាក់ថា មន្រ្តីនគរបាលម្នាក់គឺលោក រឹម សុផាន់ណា ដែលបានស្លាប់នោះត្រូវបានគេរាយការណ៍ថា ទើបតែរៀបការបានជាងមួយខែ កន្លងមកនេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...