• រថយន្ដដឹកបន្លែបើកសុខៗរឹទៅបុកខឿនផ្លូវ បណ្ដាលឱ្យរថយន្តកុងតឺន័របើកពីក្រោយគេចទៅបុករះម៉ូតូ១០គ្រឿង
    ដោយ Heng  ថ្ងៃទី 1 April, 2022  ម៉ោង 09:43 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េដឹកបន្លែមួយគ្រឿង បើកបុកខឿនទ្រូងផ្លូវ រួចផ្លោងទៅបុកបង្គោលភ្លើងបណ្តាលឱ្យរងការខូចខាត ស្រាប់តែមានរថយន្តកុងតឺន័របើកបរមកពីក្រោយ ប្រឹងកាច់ចង្កូតគេចពីរថយន្តកូរ៉េក៏ជ្រុលទៅបុករះម៉ូតូជាង១០គ្រឿង និងរថយន្ត១គ្រឿងទៀត ដែលចតនៅមុខ KTV។ ករណីនេះបានកើតឡើងកាលពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខ KTV រាត្រីពណ៌មាស តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB- 4120 បើកតាមបណ្ដោយផ្លូវជាតិលេខ១ពីកើតទៅលិចក្នុងល្បឿនលឿន ហើយក៏ជ្រុលចង្កូតទៅបុកខឿនទ្រូងផ្លូវរួចផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ពេលនោះក៏មានរថយន្តម៉ាក VOLVO សណ្ដោងទូកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-6330 ដែលបើកបរស្របទិសគ្នាក្នុងល្បឿនលឿន ហើយប្រឹងគេចពីរថយន្តកូរ៉េក៏ជ្រុលទៅបុករះម៉ូតូជាង១០គ្រឿង និងរថយន្តម៉ាក KIA ១គ្រឿងទៀតដែលចតនៅលើខឿនចំណីផ្លូវមុខKTV បណ្ដាលឱ្យម៉ូតូខ្លះគាបជាប់ក្រោមរថយន្តរងការខូចខាតជាខ្លាំង តែសំណាងល្អដែរដែលមិនមានមនុស្សណាម្នាក់រងរបួសនោះ ។ ភ្លាមៗនោះ តៃកុងរថយន្តកុងតឺន័របម្រុងចុះគេចខ្លួន តែត្រូវសន្តិសុខ KTV ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។

    សមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តបង្កហេតុ និងម៉ូតូរងគ្រោះទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...