
(ខេត្តកំពត)៖ មេគ្រោះថ្នាក់ចរាចរណ៍មួយបានបណ្ដាលឱ្យមនុស្សប្រុសស្រី បីនាក់ បានស្លាប់ ដោយសាររថយន្ត បុកផាស់អាប់ (ម៉ូតូកង់បី) ពេលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី។
លោកវរសេនីយ៍ត្រី នាក់ សាម៉េត អធិការរងទទួលការងារចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន ស្រុកជុំគិរី បានប្រាប់ឲ្យដឹងថា អ្នកដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ខាងលើ រួមមាន៖ ១/ឈ្មោះ ចាន់ បាត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកអុងបាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើកផាស់អាប់។ ២/ឈ្មោះម៉ាន់ បុល ភេទស្រី អាយុ ៤២ឆ្នាំ។ ៣/ ឈ្មោះ ផែត បាស់ ភេទស្រី អាយុ ២៦ ឆ្នាំ។ ទាំងពីរនាក់ ជាម្តាយ និងកូន មានទីលំនៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ចំណែកអ្នកបើករថយន្ត ឈ្មោះ យិន និត ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកអធិការរងបានបញ្ជាក់ថា កាលពីវេលាម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងដោយរថយន្តនីសាន់ ពាក់ស្លាកលេខ ខ.ម05-3.3781 បុកផាស់អាប់ពេញទំហឹង ពេលកំពុងបើកបរបញ្រ្ចាសទិសគ្នា នៅលេីកំណាត់ផ្លូវជាតិលេខ ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៥-៥៦។
មុនកើតហេតុ គេឃើញរថយន្ត បើកមកពីទិសខាងត្បូង។ លុះមកដល់កន្លែងកើតហេតុ ដោយរថយន្ត ស្ថិតក្នុងល្បឿនលឿនផងនោះ ក៏បានរេចង្កូត ទៅបុកផាស់អាប់ មកពីមុខ ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ និងអ្នកដំណើរពីរនាក់ ស្លាប់នៅនឹងកន្លែងភ្លាមៗ៕